បីខែដើមឆ្នាំ២០២៤ កម្ពុជាលក់សំបុត្រចូលមើលអង្គរបានជាង ១៦លានដុល្លារ
ភ្នំពេញ៖ ក្នុងរយៈពេលបីខែដើមឆ្នាំ២០២៤ គ្រឹះស្ថានអង្គររកចំណូលបានជាង១៦លានដុល្លារអាមេរិកពីការលក់សំបុត្រជូនភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរ។ ចំណូលនេះកើនឡើងជិត៥០ភាគរយធៀបនឹងរយៈពេលដូចគ្នា។ ដោយឡែក ចំនួនភ្ញៀវបរទេសសរុបក្នុងរយៈពេលបីខែមានចំនួនជាង ៣៤៧ ០០០នាក់ ដែលកើនឡើងជាង៤៧ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ។
ដោយឡែក ក្នុងខែមីនាតែមួយ មានទេសចរបរទេសសរុបជាង១១ម៉ឺននាក់ ទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ សរុបទឹកប្រាក់ជាង៥លានដុល្លារ។ ក្នុងចំណោមប្រាសាទជាច្រើន ប្រាសាទកោះកេរ ទាក់ទាញភ្ញៀវទេសចបានច្រើនគួរសម។
គ្រឹះស្ថានអង្គរបានឱ្យដឹងថា ចំណូលពីការលក់បណ្ណនៅប្រាសាទកោះកេរ ដល់ភ្ញៀវទេសចរអន្តរជាតិ រយៈពេលបីខែ ក្នុងឆ្នាំ២០២៤ មានជាង៨ម៉ឺននាក់ គិតជាប្រាក់បានប្រហែលជាង១២ម៉ឺនដុល្លារ។ ជាមួយគ្នានេះ គ្រឹះស្ថានអង្គរក៏ទទួលបានចំណូលពីការលក់សំបុត្រទូករយៈពេល ៣ខែ ក្នុងឆ្នាំ២០២៤ មានចំនួនជាង៣០ម៉ឺនដុល្លារផងដែរ។
នៅឆ្នាំ ២០២៤នេះ កម្ពុជារំពឹងទទួលបានភ្ញៀវទេសចរបរទេសជាង៥លាននាក់។ គណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ទើបត្រូវបានបង្កើតឡើងដើម្បីលើកស្ទួយវិស័យនេះ ដែលនៅទន់ជ្រាយនៅឡើយ ជាពិសេសបើធៀបនឹងប្រទេសជិតខាង៕
ដោយ: ញ៉ែម សុផល
