មនុស្ស៤នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាបំផុតនៅតៃវ៉ាន់ក្នុងពេល ២៥ឆ្នាំ

តៃប៉ិ៖ យ៉ាងហោចណាស់មនុស្ស ៤នាក់បានស្លាប់ និងជិត ៦០នាក់ទៀតរងរបួស នៅក្នុងថ្ងៃពុធនេះ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយវាយប្រហារតៃវ៉ាន់ ដោយបានបំផ្លាញអគាររាប់សិបខ្នង និងជំរុញឱ្យមានការប្រកាសអាសន្នពីរលកយក្សស៊ូណាមិ ដែលលាតសន្ធឹងដល់ប្រទេសជប៉ុន និងហ្វីលីពីន មុនពេលត្រូវបានដកចេញវិញ។

ជនរងគ្រោះបាត់បង់ជីវិតទាំងអស់ គឺជាអ្នកស្រុករស់នៅក្នុងទីក្រុង Hualien ដែលជាចំណុចកណ្តាលនៃការរញ្ជួយដី ដោយក្នុងនោះ មនុស្ស ៣នាក់បានស្លាប់ នៅពេលកំពុងធ្វើដំណើរតាមភ្នំ និងម្នាក់ទៀតនៅក្នុងផ្លូវរូងក្រោមដី។

បើតាមការបញ្ជាក់របស់វិទ្យាស្ថានភូមិវិទ្យាអាមេរិក (USGS) គ្រោះរញ្ជួយដីក្នុងកម្រិត ៧.៤រ៉ិចទ័រ និងមានចំណុចកណ្ដាលស្ថិតនៅចម្ងាយ ១៨គីឡូម៉ែត្រពីទីក្រុង Hualien នៃភាគខាងត្បូងកោះតៃវ៉ាន់ ជាមួយជម្រៅរញ្ជួយ ៣៤.៨គីឡូម៉ែត្រ។

ទីភ្នាក់ងារឧតុនិយមជប៉ុនក៏បានបញ្ជាក់ដែរថា គ្រោះរញ្ជួយដីនេះ មានកម្រិត ៧.៥រ៉ិចទ័រ។
គួរបញ្ជាក់ថា កោះតៃវ៉ាន់តែងតែទទួលរងការវាយប្រហារពីគ្រោះរញ្ជួយដីជាប្រចាំ ដោយសារតែសណ្ឋានដីរបស់កោះនេះ ស្ថិតនៅជិតផ្លូវប្រសព្វនៃបន្ទះប្លាកែតចំនួនពីរ។

តួយ៉ាង គ្រោះរញ្ជួយដីកម្រិត ៧.៦រ៉ិចទ័របានវាយប្រហារកោះតៃវ៉ាន់កាលពីខែកញ្ញា ឆ្នាំ១៩៩៩ បានសម្លាប់មនុស្សប្រហែល ២,៤០០នាក់ ដែលនេះជាគ្រោះមហន្តរាយធម្មជាតិដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្រកោះតៃវ៉ាន់។ ដោយឡែកគ្រោះរញ្ជួយដ៏កក្រើកមួយផ្សេងទៀត ក៏ឆក់យកជីវិតមនុស្សជាង ១០០នាក់ផងដែរ ដែលបានវាយប្រហារលើតំបន់ភាគអាគ្នេយ៍កោះតៃវ៉ាន់កាលពីឆ្នាំ២០១៦៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

Four dead, dozens injured in most powerful Taiwan quake in 25 years

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner