Tesla ចែកចាយរថយន្តធ្លាក់ចុះ ៨.៥ភាគរយ ខណៈការលក់នៅចិនថមថយខ្លាំង
វ៉ាស៊ីនតោន៖ ក្រុមហ៊ុនផលិតរថយន្តអគ្គីសនី Tesla របស់លោក Elon Musk បានរាយការណ៍ពីការចែកចាយរថយន្តធ្លាក់ចុះរហូតដល់ ៨.៥ភាគរយ នៅត្រីមាសទី១ ឆ្នាំ២០២៤។
ក្រុមហ៊ុនផលិតរថយន្តកំពូលអាមេរិក Tesla បានរាយការណ៍ថា ខ្លួនចែកចាយរថយន្តរបស់ខ្លួនមានចំនួន ៣៨៦,៨១០គ្រឿង ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ធ្លាក់ចុះចំនួន ៨.៥ភាគរយ។ តួលេខនេះ ឆ្លុះបញ្ចាំងពីតម្រូវការធ្លាក់ចុះខ្លាំងនៅក្នុងទីផ្សារប្រទេសចិន ជាកន្លែងដែលខ្លួនប្រឈមមុខនឹងការប្រកួតប្រជែងយ៉ាងខ្លាំង ពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីក្នុងស្រុកចិន មានដូចជា BYD ជាដើម។
ទន្ទឹមនឹងការកើនឡើងរថយន្តអគ្គិសនី (EV) នៅក្នុងទីផ្សារប្រទេសផ្សេងទៀត រួមទាំងសហរដ្ឋអាមេរិក ក៏ជាមូលហេតុនាំឱ្យក្រុមហ៊ុន Tesla កាត់បន្ថយតម្លៃ និងធ្វើឱ្យចក្ខុវិស័យប្រាក់ចំណេញរបស់ក្រុមហ៊ុន Tesla ធ្លាក់ចុះផងដែរ។ នៅសហរដ្ឋអាមេរិក ក្រុមហ៊ុន Tesla អាចនឹងឈានមុខគេក្នុងបដិវត្តន៍រថយន្តអគ្គិសនី ប៉ុន្តែបើនៅក្រៅប្រទេសវិញ ក្រុមហ៊ុននេះមានការប្រកួតប្រជែងខ្លាំងពីដៃគូនានា។
តួយ៉ាង ប្រទេសចិន ដែលជាទីផ្សាររថយន្តអគ្គិសនីដ៏ធំបំផុតនោះ ហាក់ធ្វើឲ្យ Tesla បាត់បង់ចំណែកទីផ្សារយ៉ាងច្រើនស្ទើរនឹកស្មានមិនដល់ ដោយសារវត្តមានរបស់ BYD។ នៅក្នុងត្រីមាសទី៤ នៃឆ្នាំ ២០២៣ BYD បានទម្លាក់ Tesla ក្នុងនាមជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីកំពូលរបស់ពិភពលោក ដោយលក់រថយន្តបានច្រើនជាងគេ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា