ធនាគារពិភពលោក (WB) ៖ ទោះស្រីលង្កាធូរស្រាលពីវិបត្តិសេដ្ឋកិច្ច តែប្រជាជននៅតែប្រឈមនឹងភាពក្រីក្រ

កូឡុំបូ៖ ធនាគារពិភពលោក (WB) នៅថ្ងៃអង្គារ បានបញ្ជាក់ថា ស្រីលង្កាដែលរងគ្រោះដោយវិបត្តិសេដ្ឋកិច្ច នឹងវិលត្រលប់ទៅរកកំណើនឡើងវិញនៅឆ្នាំ២០២៤នេះ ប៉ុន្តែប្រហែលមួយភាគបួននៃប្រជាជនរបស់ប្រទេសដីកោះនេះ នឹងនៅតែរស់នៅក្នុងភាពក្រីក្រ។

ស្រីលង្កាបានទទួលរងសម្ពាធធ្ងន់ធ្ងរពីវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងឆ្នាំ២០២២ នៅពេលដែលប្រទេសដីកោះមហាសមុទ្រឥណ្ឌាមួយនេះ ផ្ទុះការតវ៉ាជុំវិញការខ្វះខាតស្បៀងអាហារ ប្រេងឥន្ធនៈ និងថ្នាំពេទ្យ ដែលបានបង្ខំឱ្យប្រធានាធិបតីស្រីលង្កាលាលែងពីតំណែង។ សេដ្ឋកិច្ចប្រទេសស្រីលង្កាបានធ្លាក់ចុះ ៧.៣ភាគរយនៅឆ្នាំ២០២២ បន្ទាប់មកធ្លាក់ចុះ ២.៣ភាគរយនៅឆ្នាំ២០២៣។

ប៉ុន្តែនៅក្នុងរបាយការណ៍ថ្មីមួយ ធនាគារពិភពលោក (WB) បាននិយាយថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសស្រីលង្កា ត្រូវបានគេរំពឹងថា នឹងមានស្ថិរភាពនៅឆ្នាំ២០២៤នេះ ដោយព្យាករណ៍ថា នឹងមានកំណើន ២.២ភាគរយ។ ធនាគារពិភពលោកបានបញ្ជាក់ថា ប្រជាជនស្រីលង្កាជាង ៥.៥លាននាក់ ឬមួយភាគបួននៃចំនួនប្រជាជនសរុបចំនួន ២២លាននាក់ កំពុងរស់នៅក្រោមខ្សែបន្ទាត់នៃភាពក្រីក្រ ដោយរកចំណូលបានត្រឹម ៣.៦៥ដុល្លារប៉ុណ្ណោះក្នុងមួយថ្ងៃ។

របាយការណ៍របស់ធនាគារពិភពលោកនេះ ធ្វើឡើងបន្ទាប់ពីអតិផរណារបស់ប្រទេសស្រីលង្កា បានធ្លាក់ចុះមកត្រឹម ០.៩ភាគរយនៅក្នុងខែមីនា ឆ្នាំ២០២៤ ដែលនេះជាការធ្លាក់ចុះខ្លាំងមិនធ្លាប់មាន ក្រោយហក់ឡើងដល់កម្រិតខ្ពស់បំផុតជិត ៧០ភាគរយកាលពីខែកញ្ញា ឆ្នាំ២០២២។ ទន្ទឹមគ្នា ធនាគារកណ្តាលរបស់ប្រទេសស្រីលង្កា កាលពីសប្តាហ៍មុន ក៏បានកាត់បន្ថយអត្រាការប្រាក់កម្ចីគោលរបស់ខ្លួនពី ១០ភាគរយ ទៅ ៩,៥ភាគរយ ដែលនេះជាការកាត់បន្ថយលើកដំបូងក្នុងរយៈពេល ៤ខែ នៅក្នុងវិធានការមួយដែលខ្លួនបាននិយាយថា នឹងជំរុញការរស់ឡើងវិញនៃសកម្មភាពសេដ្ឋកិច្ចដែលកំពុងបន្ត៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner