ឥណ្ឌូនេស៊ីទិញនាវានិងយន្តហោះចម្បាំងពីបារាំង តម្លៃ៨ពាន់លានដុល្លារ
ប្រទេសឥណ្ឌូនេស៊ីនឹងចាយជាង៨ពាន់លានដុល្លារអាមេរិក ទិញនាវាមុជទឹក និងយន្តហោះចម្បាំងរាប់សិបគ្រឿង ពីប្រទេសបារាំង។
ក្រុមហ៊ុនបារាំង Naval Group បានបញ្ជាក់ឲ្យដឹង កាលពីថ្ងៃអង្គារថា ឥណ្ឌូនេស៊ីបានបញ្ជាទិញនាវាមុជទឹកវាយប្រហារប្រភេទ Scorpene-class ចំនួនពីរគ្រៀង ពី Naval Group របស់ប្រទេសបារាំង ជាផ្នែកមួយនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ ដែលបានចុះហត្ថលេខា កាលពីពេលកន្លងទៅ។
កិច្ចព្រមព្រៀងក៏បានបង្ហាញដែលថា ឥណ្ឌូនេស៊ីនឹងទិញយន្តហោះចម្បាំង Rafale ចំនួន៤២ គ្រឿង ដែលមានតម្លៃសរុបជាង ៨ពាន់លានដុល្លារ ប៉ុន្តែគ្រាន់តែថា សម្រាប់នាវាចម្បាំងទាំងនេះ មិនទាន់សម្រេចបញ្ជាទិញ ជាផ្លូវការនៅឡើយទេ។
ជុំវិញនាវាមុជទឹក ត្រូវបាន Naval Group និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា នាវាទាំងនេះប្រើប្រាស់ថាមពល ម៉ាស៊ូត-អគ្គិសនី ហើយមានសមត្ថភាពផ្ទុកគ្រាប់បែកបាញ់ពីនាវា torpedo និងកាំជ្រួចសរុប ចំនួន១៨គ្រឿង។ នាវាទាំងពីរគ្រឿងនឹងត្រូវឈរជើង នៅឯកន្លែងផលិតកប៉ាល់ PT PAL ក្នុងប្រទេសឥណ្ឌូនេស៊ី។
ការបញ្ជាទិញនេះបានកើតមានឡើង ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ឥណ្ឌូនេស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាច្រើនជាមួយក្រុមហ៊ុនលក់គ្រឿងសព្វាវុធបារាំង ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត