ចោទប្រកាន់អតីតប្រធានសភាអាហ្រ្វិកខាងត្បូង រឿងពុករលួយ និងលាងលុយ

ប្រេតូរីយ៉ា៖ អតីតប្រធានសភានៃប្រទេសអាហ្រ្វិកខាងត្បូង លោកស្រី Nosiviwe Mapisa-Nqakula ត្រូវបានតុលាការ សម្រេចចោទប្រកាន់ ពីបទពុករលួយ និងការលាងលុយ កាលពីថ្ងៃព្រហស្បតិ៍។

លោកស្រី Nosiviwe បានលាលែងពីមុខតំណែង កាលពីថ្ងៃពុធ មុនពេលបង្ហាញខ្លួន នៅចំពោះមុខតុលាការ នៅក្នុងទីក្រុង Pretoria ពោលគឺបន្ទាប់ពីលោកស្រីបានទៅបង្ហាញខ្លួន នៅទីស្នាក់ការប៉ូលីស ហើយត្រូវបានចាប់ខ្លួន ថ្មីៗនេះ។

តំណាងអយ្យការ លោក Bheki Manyathi បានប្រាប់តុលាការថា «ការចោទប្រកាន់លើលោកស្រី Mapisa-Nqakula ទាក់ទងនឹងអំពើពុករលួយ ចំនួន១២ករណី ព្រមទាំង ការលាងលុយកខ្វក់»។

ការចោទប្រកាន់នេះបានដាក់សម្ពាធ លើគណបក្ស «សមាជជាតិអាហ្រ្វិក» ដែលកំពុងគ្រប់គ្រងប្រទេស ខណៈដែលការបោះឆ្នោតសកល នឹងឈានចូលមកដល់ នៅខែឧសភា។

ស្ត្រី វ័យ៦៧ឆ្នាំរូបនេះ ត្រូវបានចោទប្រកាន់ ពីបទសូកប៉ាន់យ៉ាងច្រើន ពីអតីតអ្នកចុះកិច្ចសន្យាយោធា អំឡុងពេលកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិ ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០២១ ប៉ុន្តែ លោកស្រីបដិសេធការចោទប្រកាន់នេះ។

លោកស្រី Nosiviwe បាននិយាយថា លោកស្រីនឹងមិនចាកចេញ ពីប្រទេសទេ ប៉ុន្តែ លោកស្រីសង្ឃឹមថា នឹងទទួលបានប្រាក់សោធននិវត្តន៍របស់រដ្ឋ ដោយអះអាងថា «មិនអាចបាត់បង់ប្រាក់ទាំងនេះបានទេ»៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner