អង្គការលើកស្ទួយប្រជាពលរដ្ឋ ទទួលអំណោយមនុស្សធម៌ ជាលើកទី១២ ពីកាកបាទក្រហមកម្ពុជា
ភ្នំពេញ៖ ដោយក្តីនឹករលឹក និងគិតគូរពីសុខទុក្ខរបស់ចៅៗក្មួយៗសិស្សានុសិស្ស និងដើម្បីចូលរួមអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងចូលមកដល់ឆាប់ៗនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ បានចាត់ឱ្យ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ និងសហការី រួមជាមួយសប្បុរសជន អញ្ជើញចុះសួរសុខទុក្ខ នាំយកអំណោយមនុស្សធម៌ជាលើកទី១២ (គិតចាប់តាំងពីឆ្នាំ២០១៤) និងរៀបចំអាហារថ្ងៃត្រង់មួយពេល ជូនដល់កុមារ និងសិស្សានុសិស្សចំនួន ១.២២០នាក់ នៃអង្គការលើកស្ទួយប្រជាពលដ្ឋ ដែលស្ថិតនៅភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោកជំទាវ នួន ភីមាន ស្ថាបនិកអង្គការ បានថ្លែងអំណរគុណ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានទឹកចិត្តមេត្តា ករុណា យកចិត្តទុកដាក់ គិតគូរ ជួយឧបត្ថម្ភជាបន្តបន្ទាប់ ជាពិសេសលើកទឹកចិត្ត ផ្តល់ក្តីសង្ឃឹមដល់កុមារទាំងអស់ ឱ្យខិតខំតស៊ូក្នុងជីវិត ជម្នះរាល់ការលំបាក ដើម្បីប្រែក្លាយជីវភាពគ្រួសារឱ្យមានការរីកចម្រើន។
ថ្លែងក្នុងឱកាសនោះដែរ លោកជំទាវ អគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិត ស្រឡាញ់ ចំពោះ ក្មួយៗ និងចៅៗកុមារទាំងអស់ ពិសេស ថ្លែងនូវការកោតសរសើរចំពោះ ស្ថាបនិក គ្រូ-បុគ្គលិក និងអ្នកស្ម័គ្រចិត្តបរទេសរបស់អង្គការ ដែលបាននិងកំពុងយកចិត្តទុកដាក់ ខិតខំអស់កម្លាំងកាយ-ចិត្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយដល់កុមារកំព្រា កុមាររស់នៅក្នុងគ្រួសារក្រីក្រ និងរស់នៅក្នុងគ្រួសាររើសសំរាម ឱ្យមានឱកាសទទួលបានសិទ្ធិពេញលេញក្នុងការរស់រានមានជីវិត សិទ្ធិទទួលបានការសិក្សាអប់រំ សិទ្ធិការពារ និងសិទ្ធិក្នុងការចូលរួមក្នុងការងារសង្គម ប្រកបដោយបរិយាបន្ន ហើយជាពិសេស ទទួលបានជោគជ័យក្នុងជីវិត និងមានការងារធ្វើសមរម្យ។
ជាមួយគ្នានេះ លោកជំទាវ ក៏បានផ្តាំផ្ញើ ក្មួយៗចៅៗទាំងអស់ត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្រដើម្បីអនាគតរុងរឿង ហើយជៀសវាងអំពើអសីលធម៌នានាដែលសង្គមស្អប់ខ្ពើម ដោយធ្វើខ្លួនជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ និងជាគំរូនៅក្នុងសង្គមជាតិ ជាទំពាំងស្នងឬស្សី និងជាធនធានមនុស្សដ៏សំខាន់របស់ប្រទេសជាតិនាពេលអនាគត ។
សូមបញ្ជាក់ថា អំណោយដែលបានផ្តល់ជូនអង្គការលើកស្ទួយប្រជាពលដ្ឋ លើកទី១២នេះ រួមមាន ៖ អង្ករ ៣តោន, មី ២០កេស, ត្រីខ ៥កេស, ទឹកត្រី ១០យួរ, ទឹកក្រូច ៦០កេស, ទឹកសុទ្ធ ១១០កេស, ផ្លែក្រូច ៥កេស, អាល់កុល ៣០ប៊ីដុង និងថវិកា ១០លានរៀល។ ចំពោះក្មួយៗចៅៗ និងបុគ្គលិកទាំងអស់ ទទួលបានអាហារថ្ងៃត្រង់ដ៏ឆ្ងាញ់ពិសាមួយពេល ផងដែរ ៕
ដោយ / គ្រី សម្បត្តិ




