ក្រសួងការងារ បន្តបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពដល់មន្ត្រីអនុវត្តច្បាប់
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បន្តពង្រឹងសមត្ថភាព ដល់មន្ត្រីអនុវត្ត ច្បាប់ ក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងអំពីការអនុវត្តនីតិវិធី ដើម្បីចូលរួមដោះ ស្រាយ ផលប៉ះពាល់ ដែលកើតចេញពីការបិទសហគ្រាស គ្រឹះស្ថាន មិនដំណើរការ និង នៅពេលមានករណីក្ស័យធន ដើម្បីការពារផលប្រយោជន៍ជូនបងប្អូនកម្មករនិយោជិត ឱ្យបានទាន់ពេលវេលា។
ថ្លែងនាថ្ងៃទី៤មេសា ក្នុងវគ្គបណ្តុះបណ្តាលស្តីពី “ការអនុវត្តនីតិវិធីចាត់ចែងរក្សាការពារ និងនីតិវិធីក្ស័យធន” រៀបចំដោយវិទ្យាស្ថានជាតិការងារ ឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខា ធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា ផ្តើមចេញពីផល ប៉ះ ពាល់ នៃការរីករាលដាលជំងឺកូវីដ១៩ និងនិន្នាការ សកល បានធ្វើឱ្យធ្លាក់ចុះនៃការ បញ្ជាទិញ និងប៉ះពាល់ដល់ខ្សែច្រវាក់ផលិតកម្មរបស់រោងចក្រ សហគ្រាសមួយចំនួន ដែល នាំឱ្យ ឈាន ដល់ការបិទដំណើរការរោងចក្រ សហគ្រាសទាំងស្រុង និងមានករណី ខ្លះនិយោ ជករត់ចោលមិនទទួលខុសត្រូវលើការទូទាត់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផេ្សងៗ តាមច្បាប់ជូនបងប្អូនកម្មករនិយោជិត។
ឯកឧត្តមបញ្ជាក់ថា យ៉ាងណាមិញ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជា សេ នា ធិការរបស់រាជរដ្ឋាភិបាល តែងតែរកដំណោះស្រាយភ្លាមៗ ជូនបងប្អូន កម្មករ និយោជិត ឱ្យបានទាន់ពេលវេលា ដើម្បីបញ្ជៀស និងបង្ការផល ប៉ះពាល់ដល់សណ្តាប់ធ្នាប់ សាធារណៈ។
ឯកឧត្តមរដ្ឋលេខាធិការបានបន្តថា ដើម្បីបង្ការ និងកាត់បន្ថយនៃហានិភ័យ នៃករណីខា ងលើ អង្គភាពពាក់ព័ន្ធ ត្រូវរៀបចំឱ្យមានវិធានការចាំបាច់នានាក្នុងការតាមដាន និងធ្វើការ កត់សម្គាល់អំពីស្ថានភាពរោងចក្រ សហគ្រាស ដែលប្រឈមនឹងហានិភ័យនៃការបិទទ្វារ លែងដំណើរការតាមរយៈការបង់ភាគទាន ប.ស.ស. យឺតយ៉ាវ ការមិនប្រកាសពន្ធ របស់ រោងចក្រ សហគ្រាស ការមិនបើក ឬបើកប្រាក់ឈ្នួលជូនកម្មករនិយោជិតយឺតជាដើម។ ទាំងអស់នេះ ទាមទារឱ្យមានការយកចិត្តទុកដាក់ និងគិតគូជាមុនប្រកបដោយបុរេសកម្ម តាម ការណែនាំ របស់ ឯកឧត្តមរដ្ឋមន្ត្រី នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ៕
ដោយ ៖ វណ្ណលុក




