NASA ចុះកុងត្រាតម្លៃ ៤.៦ពាន់លានដុល្លារផលិតយានជំនិះរុករកនៅភពព្រះចន្ទ

វ៉ាស៊ីនតោន៖ អង្គការ NASA ចុះកិច្ចសន្យាជាមួយក្រុមហ៊ុនធំៗចំនួន៣ ដើម្បីអភិវឌ្ឍយានជំនិះសម្រាប់បេសសកម្មអវកាសលើកដំបូងនៅភពព្រះចន្ទ ក្នុងរយៈពេលជាង ៥ទសវត្សរ៍។

ទីភ្នាក់ងារអវកាស NASA ថ្មីៗនេះបាននិយាយថា ក្រុមហ៊ុនធំៗចំនួន៣ ក្នុងនោះរួមមាន Intuitive Machines, Lunar Outpost និង Venturi Astrolab ដែលមានមូលដ្ឋាននៅរដ្ឋតិចសាស់ រដ្ឋខូឡូរ៉ាដូ និងកាលីហ្វ័រញ៉ា ត្រូវបានជ្រើសរើសជាក្រុមហ៊ុនផលិត និងរចនាយានជំនិះរុករកនៅភពព្រះចន្ទ ស្ថិតក្រោមកិច្ចសន្យាដែលមានតម្លៃរហូតដល់ ៤.៦ពាន់លានដុល្លារ។

ទីភ្នាក់ងារអវកាសអាមេរិកនេះ ក៏គ្រោងនឹងជ្រើសរើសក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនទាំង៣ ដើម្បីឱ្យសាកល្បងយានជំនិះ ដែលនឹងត្រូវបញ្ជូនទៅប្រើប្រាស់នៅភពព្រះចន្ទ មុនពេលបញ្ជូនវាទៅឱ្យក្រុមនាវិក នៃបេសកកម្ម Artemis 5 ដែលគ្រោងធ្វើឡើងនៅឆ្នាំ២០២៩។ អង្គការ NASA និយាយថា កិច្ចព្រមព្រៀងនេះ នឹងអាចជួយដោះស្រាយស្ថានភាពលំបាកនៅប៉ូលខាងត្បូងរបស់ភពព្រះចន្ទ ក៏ដូចជាការបំពាក់នូវបច្ចេកវិទ្យាទំនើបសម្រាប់ការគ្រប់គ្រងថាមពល ការបើកបរដោយស្វ័យភាព និងប្រព័ន្ធទំនាក់ទំនង និងប្រព័ន្ធរុករកដ៏ទំនើប។

បេសកកម្ម Artemis បង្កើតឡើងក្នុងគោលបំណងនាំយកក្រុមអវកាសយានិកត្រឡប់ទៅជាន់លើផ្ទៃព្រះចន្ទសាជាថ្មី គិតចាប់តាំងពីបេសកកម្មចុងក្រោយបង្អស់ នៃកម្មវិធី Apollo របស់អង្គការ NASA បានបញ្ចប់ទៅកាលពីឆ្នាំ១៩៧២។ ស្ថិតក្រោមបេសកកម្មនេះ NASA គ្រោងនឹងបង្កើតវត្តមានរយៈពេលវែងដំបូងនៅលើឋានព្រះចន្ទ និងដាក់មូលដ្ឋានគ្រឹះសម្រាប់បេសកកម្មនាពេលអនាគតទៅកាន់ភពព្រះអង្គារ។

សម្រាប់បេសកកម្ម Artemis 3 គេនឹងមើលឃើញក្រុមអវកាសយានិក ឈានជើងជាន់ជាលើកដំបូងលើដីនៅតំបន់ប៉ូលខាងត្បូងរបស់ឋានព្រះចន្ទនៅឆ្នាំ២០២៦។ មកទល់ពេលនេះ ធ្លាប់មានមនុស្សតែ ១២នាក់ប៉ុណ្ណោះ ដែលធ្លាប់ទៅដល់លើផ្ទៃព្រះចន្ទ តាមរយៈបេសកកម្ម Apollo របស់ NASA កាលពីចន្លោះឆ្នាំ១៩៦៩-១៩៧២៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner