យូអិនអំពាវនាវឱ្យពិភពលោកកុំភ្លេចការឈឺចាប់នៅមីយ៉ាន់ម៉ា
អ.ស.ប៖ មន្ត្រីអង្គការសហប្រជាជាតិមួយរូប នៅថ្ងៃព្រហស្បតិ៍នេះ និយាយថា ពិភពលោកមិនគួរបំភ្លេចប្រជាជនរាប់លាននាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ាបានទេ ជាពិសេសការរងទុក្ខវេទនារបស់ពួកគេ ចំពេលមានការកើនឡើងនូវភាពស្រែកឃ្លាន ការផ្លាស់ទីលំនៅ និងការព្រួយបារម្ភអំពីសុវត្ថិភាព នៅពេលដែលជម្លោះរវាងរបបយោធា និងក្រុមជនជាតិភាគតិចអូសបន្លាយ។
មន្ត្រីអង្គការសហប្រជាជាតិ លោកស្រី Lisa Doughten បានប្រាប់ក្រុមប្រឹក្សាសន្តិសុខយូអិន តាងនាមឱ្យប្រធានផ្នែកមនុស្សធម៌ថា នៅពេលដែលជម្លោះក្នុងប្រទេសមីយ៉ាន់ម៉ានៅតែបន្ត… តម្រូវការជំនួយមនុស្សធម៌ក៏កាន់តែកើនឡើងខ្លាំង ខណៈដែលរដូវខ្យល់មូសុងជិតមកដល់ ដូច្នេះពេលវេលានេះគឺពិតជាសំខាន់ណាស់សម្រាប់ប្រជាជនមីយ៉ាន់ម៉ា។

យើងមិនគួរបំភ្លេចពួកគេទេ… ពួកគេត្រូវការការគាំទ្រពីសហគមន៍អន្តរជាតិឥឡូវនេះ ដើម្បីជួយពួកគេឱ្យរស់រានមានជីវិត ក្នុងគ្រានៃភាពភ័យខ្លាច និងភាពចលាចលនេះ។ ដើម្បីព្យាយាមស្វែងរកដំណោះស្រាយចំពោះវិបត្តិនយោបាយរបស់មីយ៉ាន់ម៉ា លោក Khaled Khiari ជំនួយការអគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកតំបន់មជ្ឈិមបូព៌ា អាស៊ី និងប៉ាស៊ីហ្វិក បាននិយាយថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres គ្រោងនឹងតែងតាំងបេសកជនពិសេសថ្មីប្រចាំប្រទេសមីយ៉ាន់ម៉ា ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។
តំណែងនេះនៅទំនេរចាប់តាំងពីខែមិថុនា ឆ្នាំ២០២៣។
បើតាមមន្ត្រីអង្គការសហប្រជាជាតិ នៅទូទាំងប្រទេសមីយ៉ាន់ម៉ា ភាពអត់ឃ្លានកំពុងកើនឡើងយ៉ាងគំហុក តួយ៉ាងនៅឆ្នាំ២០២៤នេះ អសន្តិសុខស្បៀងកំពុងប៉ះពាល់ដល់ប្រជាជនប្រហែល ១២.៩លាននាក់ ឬជិត ២៥ភាគរយនៃចំនួនប្រជាជនសរុប៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
