ប្រតិបត្តិការក្តៅរយៈពេល២៥ថ្ងៃនៅខេត្តពោធិ៍សាត់ឃ្លុំដីបានមួយម៉ឺនហិកតា ឃាត់ខ្លួនមនុស្សបាន ៣២នាក់

ភ្នំពេញ៖ប្រតិបត្តិការរយៈពេល២៥ថ្ងៃគិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ កម្លាំងចម្រុះបានចុះបង្រ្កាបទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ ដោយសម្រេចឃ្លុំដីបានចំនួន ៩,៩៤៤.៤៤ហិកតា ព្រមទាំងរកឃើញជនសង្ស័យចំនួន ៣២នាក់ និងបញ្ជូនកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ១៦ករណី។
ក្នុងសកម្មភាពខាងលើក្រុមការងារចម្រុះក៏បានអប់រំប្រជាពលរដ្ឋដែលបានជួយដាំដុះដំណាំឱ្យជនល្មើសចំនួន ៩០នាក់ផងដែរ។
ក្រសួងបរិស្ថានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះក្រុមចម្រុះ បានរុះរើខ្ទមបណ្តោះ អាសន្ននៅលើទីតាំងដែលបានកាប់រុករានដីព្រៃ ក្នុងតំបន់ការពារធម្មជាតិ ធ្វើជាកម្មសិទ្ធិចំនួន ៥២០ខ្ទម និងបានដកហូតសម្ភារមួយចំនួនទុកជាវត្ថុតាងរួមមាន៖ រណាយន្ត៣៥ គ្រឿង ម៉ូតូ១៦គ្រឿង គោយន្ត១គ្រឿង ផាលត្រាក់ទ័រ ៦គ្រឿង ម៉ាស៊ីនកាត់ស្មៅ ២៣គ្រឿង ម៉ាស៊ីនបាញ់ថ្នាំស្មៅ ០៩គ្រឿង កាំភ្លើងកែច្នៃចំនួន១១ដើម អង្គប់ចំនួន៧៥ កាំបិតចំនួន២៨ បង្គោលរបងចំនួន ៣,៦៥២ បង្គោល និងដំណាំចម្រុះបានជាច្រើនគុម្ព និងបាច់។
ដោយឡែកក្នុងប្រតិបត្តិការកាលពីថ្ងៃទី៤ ខែមេសាកម្លាំងចម្រុះបានចុះបង្រ្កាបទប់ស្កាត់បទល្មើសកាប់រុនរានដីព្រៃធ្វើជាកម្មសិទ្ធិ បានឃ្លុំដីទុកបានចំនួន ១២,៦២ហិកតា ឃាត់ខ្លួនមនុស្សចំនួន២នាក់ អប់រំប្រជាពលរដ្ឋចំនួន ៥នាក់ និងរឹបអូសបានវត្ថុតាងនៅហ្នឹងកន្លែងមួយចំនួន។
គួររំលឹកថា ដើម្បីធានាការគ្រប់គ្រងធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុវត្តតាមបទបញ្ជាសម្តេចធិបតី ហ៊ុន ម៉ាណែត និងបានដាក់ចេញវិធានការចំនួន៤ ក្នុងនោះជំរុញការអនុវត្តច្បាប់១០០ភាគរយ មិនមានការលើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ចុះកិច្ចសន្យា ហើយដោះលែងអ្នកប្រព្រឹត្តបទល្មើស។ ការសហការយ៉ាងជិតស្និទ្ធជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត នោះគឺអាជ្ញាធរមូលដ្ឋានរាជធានី ខេត្ត ដែលមានតួនាទី ភារកិច្ចគ្រប់គ្រងធនធានធម្មជាតិ។ ពង្រឹងកិច្ចសហការជាមួយគណៈបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក និងជំរុញការដាំស្តារព្រៃឈើ និងឈើហូបផ្លែឱ្យសំដៅឱ្យមានការដាំដើមឈើច្រើន ដើម្បីបង្កើនការដាំដុះគម្របព្រៃឈើ ឱ្យបានជាង ៦០ភាគរយក្នុងឆ្នាំ២០៥០៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner