សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចុះសួរសុខទុក្ខ ផ្ញើក្តីអាណិតស្រឡាញ់ និងផ្តល់ការអប់រំផ្លូវចិត្តដល់ស្ត្រី នៅមណ្ឌលអប់រំកែប្រែទី២

ភ្នំពេញ៖​ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានមកដល់ឆាប់ៗនៅថ្ងៃសុក្រទី៥ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងសហការី ចុះជួបសំណេះសំណាល និងនាំនូវការសួរសុខទុក្ខ ក្តីអាណិតស្រឡាញ់ រួមជាមួយអំណោយមនុស្សធម៌មួយចំនួនចែកជូនដល់ ស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូច អនីតិជន និងស្ត្រីអាយុ ៦០ឆ្នាំឡើងចំនួន ៩៧នាក់ នៅមណ្ឌលអប់រំកែប្រែទី២ ដែលស្ថិតក្នុងភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្នុងឳកាសនេះលោកជំទាវ អគ្គលេខាធិការរងទី១ បានគូសបញ្ជាក់ថា ការចុះសួរសុខទុក្ខនាថ្ងៃនេះ គឺជាការអនុវត្តនូវអនុសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ក្នុងនាមជាអ្នកម្តាយមួយរូប ដែលផ្តោតលើការសង្គ្រោះផ្លូវចិត្តរបស់បងប្អូនក្មួយៗទាំងអស់ ជាពិសេសស្ត្រី និងកុមារ ដែលជាមុខសញ្ញាអាទិភាព សមស្របទៅនឹងគោរមងាររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ។ ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា ក៏មានកម្មវិធីស្តារទំនាក់ទំនងគ្រួសារ ដែលបាននិងកំពុងធ្វើការជាមួយមណ្ឌលអប់រំកែប្រែ ដើម្បីបញ្ជូនសារលិខិតឆ្លើយឆ្លងរវាងអ្នកជាប់ឃុំ ជាមួយសាច់ញាតិគ្រួសារផងដែរ។
លោកជំទាវបន្តថា នៅក្នុងមណ្ឌលអប់រំកែប្រែទី២នេះ មាន៦៥% ដែលពាក់ព័ន្ធនឹងករណីគ្រឿងញៀន ។គឺគ្រឿងញៀនជាអ្នកបំផ្លាញយើងទាំងអស់គ្នា ។បំផ្លាញក្រុមគ្រួសារ ញាតិមិត្ត និងសង្គមជាតិយើង។ហេតុដូចនេះ យើងទាំងអស់គ្នាត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន។

លោកជំទាវក៏បានប្រគល់ជូនសៀវភៅសម្តេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមជាមួយទស្សនាវដ្តីស្តីពីសមិទ្ធផលរបស់កាកបាទក្រហមកម្ពុជា សម្រាប់ទុកក្នុងបណ្ណាល័យ សម្រាប់ការអានរបស់បងប្អូននៅក្នុងមណ្ឌលផងដែរ។

ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានពន្ធនាគារទាំងអស់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តល់ក្តីអាណិត ស្រឡាញ់ ការលើកទឹកចិត្ត និងអំណោយជូនដល់បងប្អូនជាប់ឃុំ ជាស្ត្រីនៅក្នុងមណ្ឌលអប់រំកែប្រែទី២៕

ដោយៈគ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner