ពលរដ្ឋ និងពលករខ្មែរ ធ្វើដំណើរពីថៃ មកកម្ពុជា តាមច្រកព្រំដែនយ៉ាងរលូន

(ភ្នំពេញ)៖ ពលរដ្ឋ និងពលករខ្មែរ ធ្វើដំណើរពីថៃ មកកម្ពុជា តាមច្រកព្រំដែនយ៉ាងរលូន ខណៈនៅថ្ងៃទី៤ ខែមេសា មានពលរដ្ឋ និងពលករខ្មែរជាង២ម៉ឺននាក់ បានវិលត្រលប់មកវិញតាមច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ ។

បើតាម ឯកឧត្តម សាន គីមហុង អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត-បាងក្លងលឹ បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ថា មន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងបន្តសម្រមសម្រួលពលករខ្មែរ ដែលបានត្រលប់មកស្រុកកំណើត អំឡុងពេលបុណ្យចូលឆ្នាំខ្មែរ ខណៈអជ្ញាធរ ក៏បន្តសម្របសម្រួលរហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ដែលជាថ្ងៃចុងក្រោយនៃការលើកលែងតម្លៃទិដ្ឋាការ ។

ឯកឧត្តម សាន គីមហុង បានលើកឡើងថា ៖ «ក្រុមការងារច្រកទ្វារអន្តរជាតិប៉ោយប៉ែត-បាងក្លងលឹក បន្តសហការយ៉ាងស្អិតល្មួតជាមួយនឹងស្ថាប័នពាក់ព័ន្ធដើម្បីបន្តទទួលស្វាគមន៏បងប្អូនពលករចេញចូលរហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤» ។

ឯកឧត្តមបន្ថែមថា ភាគីពាក់ព័ន្ធ ក៏ដូចជាក្រុមការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបន្តផ្សព្វផ្សាយជូនដំណឹង និងសុំឲ្យពលករជួយផ្សព្វផ្សាយបន្តទៅដល់មិត្តភក្តិបងប្អូនពលករផ្សេងទៀតអំពីការលើកលែងថ្លៃសេវា និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋភិបាលកម្ពុជាដែលមានសម្ដេចធិបតីជាប្រមុខដឹកនាំតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត-បាងក្លងលឹក ។

អនុរដ្ឋលេខាធិការរូបនេះ បានបន្ថែមថា បងប្អូនពលករស្ទើរតែ ១០០%បានដឹងពីអនុសាសន៍របស់សម្ដេចធិបតីអំពីការលើកលែងថ្លៃសេវា ចេញ-ចូល (Re-Entry) ហើយបងប្អូនពលករទាំងអស់សប្បាយរីករាយ យ៉ាងខ្លាំងពីការលើកលែងថ្លៃសេវាចេញ-ចូល ក្នុងអំឡុងពេលចូលឆ្នាំខ្មែរខាងមុខនេះ ។

គួរឱ្យកត់សម្គាល់ថា ការលើកលែងការយកតម្លៃលើទិដ្ឋាការចេញ-ចូល ចាប់ពីថ្ងៃទី១ មេសា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នេះការអបអរសាទរ និងសប្បាយចិត្តពីសំណាក់បងប្អូនពលករ និងពលរដ្ឋខ្មែរនៅប្រទេសថៃយ៉ាងផុសផុល។

សូមបញ្ជាក់ថា នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ មានពលរដ្ឋ និងពលករខ្មែរចំនួន២២,១១៣ បានវិលត្រលប់ពីប្រទេសតាមច្រកព្រំដែនអន្តរជាតិកម្ពុជា ថៃ ដើម្បីមកលេងស្រុកកំណើតក្នុងអំឡុងពេលចូលឆ្នាំខ្មែរខាងមុខនេះ ៕

ដោយ ៖ វណ្ណលុក
ប្រភព ៖ ក្រសួងការងារ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner