បុរសខ្មែរម្នាក់កែច្នៃសំបកកង់អេតចាយទៅជារូបសត្វ តម្លៃដល់៣០០០ដុល្លារ

ភ្នំពេញ៖​ ផ្តើមចេញពីចិត្តស្រលាញ់បរិស្ថាន បុរសខ្មែរម្នាក់បានច្នៃសំបកកង់ម៉ូតូដែលគេបោះចោលរាយប៉ាយ ទៅជារូបសត្វធំៗ រួមទាំង ដំរី សេះ និងស្វាឪ ជាដើម ដែលមានតម្លៃរហូតដល់ ១២លានរៀល ឬ៣ ០០០ ដុល្លារអាមេរិក។
 
ស្ថិតក្នុងវ័យ ៣៧ឆ្នាំ លោក មាន ទិដ្ឋភាព ដែលជាអ្នកផ្តួចផ្តើមការច្នៃប្រឌិតនេះ បាននិយាយថា រូបចម្លាក់ទាំងនេះមិនត្រឹមតែលម្អសួនច្បារ និងរមណីយដ្ឋានប៉ុណ្ណោះទេ តែក៏ជានិមិត្តសញ្ញានៃស្មារតីជួយគាំពារបរិស្ថានផងដែរ។ សំបកកង់ម៉ូតូដែលបោះចោលប៉ះពាល់យ៉ាងខ្លាំងដល់គុណភាពដីទឹក និងជីវិតរបស់នៅ ដោយសារវាផ្ទុកសារជាតិដែលមិនរលាយ ហើយថែមទាំងបញ្ចេញសារធាតុគីមីពុលនៅពេលវាខូចគុណភាពថែមទៀតផង។
 
លោក មាន ទិដ្ឋភាព និយាយថា លោកចំណាយពេលប្រហែលមួយខែក្នុងការច្នៃរូបសត្វមួយ ដោយផ្តើមពីការ ចៀរ កាត់ បិទ រុំ និងឆ្លាក់ពត់ពែនទៅតាមរូបរាងនៃសត្វ។ តម្លៃទាបបំផុតសម្រាប់រូបសត្វដែលលោកច្នៃគឺ ៣លាន២សែនរៀល ឬប្រហែល៨០០ដុល្លារ។
 
ចាប់តាំងពីឆ្នាំ ២០១៩នៃការចាប់របរច្នៃសត្វពីកង់ម៉ូតូនេះ ស្នាដៃនិងគំនិតច្នៃប្រឌិតរបស់ លោក ទិដ្ឋភាព ទទួលបានការគាំទ្រច្រើនគួរសម។ លោកប្រាប់ថា មានអតិថិនជនច្រើនពី ខេត្តកោះកុង កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង កំពង់ចាម កំពង់ស្ពឺ និងសៀមរាប ដែលគេទិញយកទៅដាក់តាំងលម្អតាមសួន ឬទីធ្លាផ្ទះ។
 
លោក ទិដ្ឋភាព ជាអតីតសិស្សសាលាវិចិត្រសិល្បផ្នែកវិចិត្រកម្ម។ ជំនាញក្នុងការកែច្នៃរូបសត្វនេះគឺកើតចេញពីមូលដ្ឋានគ្រឹះផ្នែកគំនូរ និងការផ្សំគំនិតច្នៃប្រឌិតដែលមាននៅតាមបណ្តាប្រទេសផ្សេងៗ៕
ដោយៈម៉ាន់ ហ៊ុយលាង

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner