អ្នកប្រើបណ្តាញសង្គម X ខឹងនឹងសញ្ញា «ធីកពណ៌ខៀវ»
ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គម X ថ្មីៗនេះ មានការភ្ញាក់ផ្អើល ហើយថែមទាំងខឹង នឹងការឃើញសញ្ញា ធីកពណ៌ខៀវ នៅលើគណនី របស់ពួកគេ ជាពិសេស នៅលើគណនីធំៗ របស់ តារាល្បីៗ ស្ថាប័ន និងអ្នកសារព័ត៌មាន ជាដើម។
តារាសម្ដែងដ៏ល្បី Jeffrey Wright ដែលទទួលបានសញ្ញា «ធីកពណ៌ខៀវ»
បានបង្ហោះ លើវេទិកា X ថា «ត្រូវបង់ប្រាក់ ៨ដុល្លារ មែនទេ? លេងសើចពេកហើយ សូមជួយខ្ញុំផង»។
ប៉ុន្តែ ក្រុមហ៊ុន X ដែលពីមុន គេហៅថា Twitter បានន្យល់ថា «ធីកពណ៌ខៀវ» ត្រូវបានផ្តល់ ដោយឥតគិតថ្លៃ ដោយសារតែគណនីទាំងនេះ គឺជាសមាជិក ដ៏មានឥទ្ធិពល របស់ X»។
កាលពីសប្តាហ៍មុន លោកមហាសេដ្ឋី Musk ដែលជាម្ចាស់បណ្តាញសង្គម X បាននិយាយថា «អនាគតទៅមុខ គណនី X ទាំងអស់ ដែលមានអ្នកគាំទ្រ ឬ Verified Subscriber Followers ជាង ២៥០០ នឹងទទួលបានមុខងារ Premium ពិសេស ដោយឥតគិតថ្លៃ ហើយគណនី ដែលមានលើសពី ៥០០០ នឹងទទួលបាន Premium+ ដោយឥតគិតថ្លៃ»។
អត្ថប្រយោជន៍ពិសេសនេះ រួមមាន ទាំងការផ្សាយពាណិជ្ជកម្មដែលត្រូវកាត់បន្ថយ និងការចូលទៅកាន់
ទេវិកាបញ្ញាសប្បនិម្មិត Grok ឬ AI Chatbot ជាដើម។
យោងតាមរង្វាស់ដែលទទួលស្គាល់ដោយឧស្សាហកម្មភាគច្រើន បានបង្ហាញថា X បានបាត់បង់អ្នកប្រើប្រាស់ បន្តបន្ទាប់ ចាប់តាំងពីលោក Musk បានចូលកាន់កាប់។ ការណ៍នេះនាំឲ្យអ្នកប្រើប្រាស់គិតថា លោក Musk បង្កើត «ធីកពណ៌ខៀវ»នេះឡើង ជួសជុលស្ថានការណ៍៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត