ចោរលួចលុយ ៣០លានដុល្លារ នៅអាមេរិក
បរទេស៖ ប៉ូលីស Los Angeles និង FBI កំពុងស៊ើបអង្កេតការលួចសាច់ប្រាក់ជិត ៣០លានដុល្លារ ដោយគេជឿថា ក្រុមចោរទំនងជាបានទម្លុះដំបូលអគារ ឃ្លាំងស្តុកលុយ រួចហើយ បំបែកទូសុវត្ថិភាព យកប្រាក់ទាំងនោះ។
លោក David Cuellar ប៉ូលីសប្រចាំក្រុង Los Angeles បាននិយាយថា នេះគឺការលួចប្រាក់ដ៏ធំបំផុតមួយ នៅក្នុងប្រវត្តិសាស្រ្ត របស់ទីក្រុង Los Angeles។ ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃបុណ្យ Easter តាំងពីថ្ងៃអាទិត្យ ប៉ុន្តែ ទើបបានបញ្ចេញព័ត៌មាន។ យ៉ាងណាមិញ អាជ្ញាធរមិនបានបង្ហាញលម្អិតពីទីតាំង ដែលត្រូវបានចោរចូលលួចនោះទេ។
ប៉ុន្តែ ប្រភពដែលស្និទ្ធនឹងក្រុមស៊ើបអង្កេតបានប្រាប់ ទីភ្នាក់ងារព័ត៌មាន The Timesថា អគារមួយនោះ គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន GardaWorld Corporation ដែលជាក្រុមហ៊ុនសន្តិសុខឯកជន មានទីស្នាក់កណ្តាលនៅប្រទេសកាណាដា។ ជុំវិញហេតុការណ៍កើតលើអគាររបស់ខ្លួននៅអាមេរិក លើកនេះ ក្រុមហ៊ុន GardaWorld មិនបានឆ្លើយតបទៅនឹងសំណើ សុំការអត្ថាធិប្បាយទេ។
យោងតាមកាសែត LA Times បានឲ្យដឹងថា ការលួចបន្លំសាច់ប្រាក់ដ៏ធំបំផុត ក្នុងប្រវត្តិសាស្រ្ត របស់ទីក្រុង Los Angeles ធ្លាប់បានកើតឡើង ក្នុងឆ្នាំ ១៩៩៧ ដោយពេលនោះ ប្រាក់ ចំនួន១៨.៩ លានដុល្លារត្រូវបានលួច ពីឃ្លាំងមួយកន្លែង។
កាលពីពីរឆ្នាំមុន ចោរបានយកគ្រឿងអលង្ការ តម្លៃ១០០លានដុល្លារ ពីរថយន្តធ្វើដំណើរ ទៅកាន់កន្លែងតាំងពិពណ៌ត្បូង និងគ្រឿងអលង្ការ នៅក្នុងទីក្រុង Los Angeles ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត