ជនមានពិការភាព ៣៥០នាក់ ទទួលអំណោយមនុស្សធម៌ កាកបាទក្រហមកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ភ្នំពេញ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ កាលពីថ្ងៃចន្ទទី៨ ខែមេសា ឆ្នាំ២០២៤ មាតាមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ ចុះជួបសំណេះសំណាលសួរសុខទុក្ខ ផ្តល់អំណោយមនុស្សធម៌ លើកទី១៧ (ចាប់តាំងពីឆ្នាំ២០១៤) រួមជាមួយការរៀបចំអាហារសាមគ្គីដ៏ឆ្ងាញ់ពិសា ១ពេល ជូនដល់ជនមានពិការភាពចំនួន ៣៥០នាក់ នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនមានពិការភាពភ្នែក (សមាគមតន្ត្រីសំនៀងជនពិការ) នៅភូមិជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ឯកឧត្តម ចាប តូ ប្រធានសមាគមតន្ត្រីសំនៀងជនពិការ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា ដែលជានិច្ចកាល សម្តេចទាំងទ្វេ តែងតែយកចិត្ដទុកដាក់គ្រប់ពេលវេលា គិតគូរគ្រប់ជ្រុងជ្រោយ ជាពិសេស ផ្តល់ក្តីសង្ឃឹម និងភាពកក់ក្តៅដល់កូនៗចៅៗមានពិការភាពទាំងអស់ឱ្យបានរស់រានក្នុងភាពថ្លៃថ្នូរ ស្មើមុខស្មើមាត់ ក្នុងសង្គមមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។
លោកជំទាវ ញ៉ែម មរកត ប្រធានកិត្តិយសសមាគមតន្ត្រីសំនៀងជនពិការ បានសម្តែងនូវការគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរពីការរស់នៅ បានបញ្ចប់នូវការលំបាកដល់ជនដែលមានពិការភាពភ្នែក នៃសមាគមតន្ត្រីសំនៀងជនពិការ ឱ្យកូនក្មួយមានអគារស្នាក់នៅ មានគ្រែគេងស្អាត មានផ្លូវថ្នល់ចេញចូល មានសិទ្ធិសេរីភាពពេញលេញ មិនដើរជួលផ្ទះ មិនដើរសុំទានគេ មិនដើរច្រៀងតាមចិញ្ចើមថ្នល់ ជាពិសេសបានផ្តល់កន្លែងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពង្រឹងសមត្ថភាពជនមានពិការភាពដូចពេលនេះ។
លោកជំទាវ បានថ្លែងនូវការកោតសរសើរចំពោះក្មួយៗទាំងអស់ ដែលបានខិតខំប្រឹងប្រែង លើកគុណតម្លៃផ្ទាល់ខ្លួន តាមរយៈការប្រព្រឹត្តនូវអំពើល្អ ឬអំពើទាំងឡាយណាដែលជាគុណប្រយោជន៍របស់សង្គមជាតិ ជាពិសេសការប្តេជ្ញាចិត្តបណ្តុះនូវគុណតម្លៃផ្ទាល់ខ្លួនដើម្បីជួយខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល ជាក់ស្តែងការចូលរួមក្នុងព្រឹត្តិការណ៍អាស៊ាន-ប៉ារ៉ាហ្គេមនាពេលកន្លងទៅ តស៊ូដណ្តើមយកមេដាយ ដើម្បីមុខមាត់ប្រទេសជាតិយើង។
អំណោយផ្តល់ជូនមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនមានពិការភាពភ្នែក លើកទី១៧នេះ រួមមាន ៖ អង្ករ ៣តោន, មី ២០កេស, ត្រីខ ៥កេស, ទឹកត្រី ១០យួរ, ទឹកសុទ្ធ ៤០កេស, ទឹកក្រូច ៣០កេស, ផ្លែក្រូច ៥កេស, អាល់កុល ៣០ប៊ីដុង និងថវិកា ១០លានរៀល ៕
ដោយ / គ្រី សម្បត្តិ





