ផ្លូវទៅមណ្ឌលគិរីដែលបាក់ចូលជ្រោះ និងផ្លូវកំពត-វាលរេញ រួចរាល់សម្រាប់ការធ្វើដំណើរនៅថ្ងៃចូលឆ្នាំ

ភ្នំពេញ៖កំណាត់ផ្លូវនៃផ្លូវជាតិលេខ៧៦ឆ្ពោះទៅខេត្តមណ្ឌលគិរី ដែលបានបាក់ស្រុតចូលជ្រលងជ្រោះ ត្រូវបានជួសជុលរាល់រួចរាល់ ល្មមទាន់ពេលសម្រាប់ការធ្វើដំណើរនៅអំលុងចូលឆ្នាំប្រពៃណីខ្មែរ។ ដូចគ្នាដែរ ផ្លូវពីកំពតទៅវាលរញនៃខេត្តព្រះសីហនុដែលខូចខាតធ្ងន់ធ្ងរ អាចបើកបរបានហើយក្នុងល្បឿនធម្យម។

ឯកឧត្តម ប៉េង ពោធិ៍នា  រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រំពឹងថា នឹងមានរំហូរចរាចរច្រើននាពេលចូលឆ្នាំ ចំថ្ងៃទី១៣ដល់ទី១៦ ខែមេសាខាងមុខនេះ។

សូមរំលឹកថា ផ្លូវជាតិលេខ៧៦ពីស្នួល ទៅសែនមនោរម្យ មានប្រវែង១២៧គ.ម បានបើកឲ្យធ្វើដំណើរកាលពីខែមករាឆ្នាំ២០១២ បន្ទាប់ពីចាយប្រាក់សាងសង់៤ឆ្នាំ និងអស់ប្រាក់ជាង៥០លានដុល្លារ។ កាលពីខែសីហាឆ្នាំ២០២៣ កំណាត់ផ្លូវប្រវែង ១៦៦ម៉ែត្របានបាក់ស្រុតដោយសារការរអិលបាក់ដី នៅត្រង់ចំណុច ស្រុកអូររាំង និងត្រូវចាយពេលជាងប្រាំមួយខែក្នុងការកែលម្អឡើងវិញ។

ចំណែក កំណាត់ផ្លូវប្រវែង២០គីឡូម៉ែត្រ ពីចំណុចត្រពាំងរពៅ ស្រុកទឹកឈូ ខេត្តកំពត ទៅដល់ផ្លូវបំបែកវាលរេញ ស្រុកព្រៃនប់ បានកែលម្អរួចរាល់កាលពីថ្ងៃទី៥ ខែមេសា ប៉ុន្តែការបើកបរបានត្រឹមល្បឿនធម្យមប្រមាណ៥០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយសារនៅជាផ្លូវគ្រោះនៅឡើយ ដែលត្រូវបានកិន កៀរ និងបង្ហាប់ដើម្បីអាចធ្វើដំណើរបានបណ្តោះអាសន្ន។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ផន រឹម។

ក្រសួងសាធារណការគ្រោងចាយ៥០លានដុល្លារ ដើម្បីធ្វើផ្លូវឡើងនេះឡើងវិញ។ចាយប្រាក់អស់ច្រើនដោយសារតែស្ថានភាពដីនៅតំបន់នេះ ជាប្រភេទដីបៀមទឹកខ្លាំង ដែលត្រូវបានជួលជុលច្រើនលើកមកហើយ។ ឯកឧត្តម ផន រឹម បញ្ជាក់ថា ថ្ងៃទី១៨ ខែមេសា ក្រោយចូលឆ្នាំរួច ក្រសួងនឹងចាប់ផ្តើមការងារសាង់សង់បន្តទៀត។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត រំពឹងថា នឹងមានអ្នកទេសចរច្រើនជាងឆ្នាំមុន ព្រោះក្រៅពីសមិទ្ធផលរូបសំណាកសេះសមុទ្រដែលកំពុងទាញចំណាប់អារម្មណ៍ កំណាត់ផ្លូវនេះអាចទាញអ្នកទេសចរពីក្រុងព្រះសីហនុចូលលេងកំពត ឬពីកំពតទៅព្រះសីហនុវិញ៕

ដោយ៖ ញ៉ែម សុផល, ទួន សុផល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner