មីយ៉ាន់ម៉ាស្នើសុំជើងហោះពិសេសចុះចតនៅថៃ
បាងកក៖ ក្រសួងការបរទេសថៃ នៅថ្ងៃចន្ទនេះ បានបញ្ជាក់ថា រដ្ឋាភិបាលមីយ៉ាន់ម៉ាបានស្នើសុំការអនុញ្ញាត សម្រាប់ជើងហោះហើរពិសេសទៅចុះចតក្នុងប្រទេសថៃ និងការធ្វើមាតុភូមិនិវត្តន៍ជនជាតិមីយ៉ាន់ម៉ា បន្ទាប់ពីការប៉ះទង្គិចគ្នានៅតំបន់ព្រំដែន។
ក្រសួងការបរទេសថៃបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជើងហោះហើរពីមីយ៉ាន់ម៉ា បានចុះចតនៅអាកាសយានដ្ឋានម៉ែសត កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន ហើយបានវិលត្រលប់ទៅវិញនៅថ្ងៃដដែល ក្រោយមានសំណើសុំក្រោមហេតុផលមនុស្សធម៌។ ក្រសួងបន្តថា ស្ថានទូតមីយ៉ាន់ម៉ាប្រចាំនៅទីក្រុងបាងកក បានស្នើសុំការអនុញ្ញាតនេះកាលពីថ្ងៃទី០៦ ខែមេសា សម្រាប់ជើងហោះហើរពិសេស រវាងទីក្រុងរ៉ង់ហ្គូន និងទីក្រុងម៉ែសត ដើម្បីដឹកជញ្ជូនអ្នកដំណើរ និងទំនិញក្នុងរយៈពេលបីថ្ងៃ។

សំណើសុំជើងហោះហើរពិសេសនេះ កើតឡើងកាលពីចុងសប្តាហ៍កន្លងទៅ មានសេចក្តីរាយការណ៍ក្នុងស្រុក អំពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងរវាងកងកម្លាំងរបបយោធាមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធជនជាតិដើមភាគតិច នៅជិតទីក្រុងមីយ៉ាវ៉ាឌី ក្បែរព្រំដែនជាប់ទីក្រុងម៉ែសត របស់ថៃ។
ទាក់ទិននឹងបញ្ហានេះដែរ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានប្រាប់អ្នកសារព័ត៌មានថា ជើងហោះហើរនេះ មិនមានពាក់ព័ន្ធនឹងការដឹកជញ្ជូនអាវុធ ឬបុគ្គលិកយោធាទេ។ លោកថា យន្តហោះនេះដឹកតែកម្មករស៊ីវិលប៉ុណ្ណោះ។ ចំណែកអ្នកនាំពាក្យរបបយោធាមីយ៉ាន់ម៉ា មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយពីអ្នកកាសែតទេ។
សេចក្តីថ្លែងការណ៍បានឱ្យដឹងទៀតថា ទីក្រុងបាងកកកំពុងតាមដានយ៉ាងដិតដល់ នូវស្ថានភាពនៅតាមព្រំដែនថៃ-មីយ៉ាន់ម៉ា ហើយបានត្រៀមខ្លួនជាស្រេច ដើម្បីចាត់វិធានការចាំបាច់ ក្នុងការរក្សាសន្តិភាព សណ្តាប់ធ្នាប់ និងសុវត្ថិភាពរបស់ប្រជាជន៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា