សន្និសីទ្ធសារព័ត៌មានបង្ហាញអំពីលទ្ធផលនៃកិច្ចប្រតិបត្តិការចុះពិនិត្យស្រាវជ្រាវរកការពិតនៅឃ្លាំងស្តុកឈើមួយកន្លែង ដែលសង្ស័យថា ជាឃ្លាំងស្តុកឈើខុសច្បាប់

សៀមរាប៖ ប្រតិបត្តិការសមត្ថកិច្ចចម្រុះ រួមមានកម្លាំងនគរបាល កងរាជអាវុធហត្ថ កម្លាំងជំនាញព្រៃឈើ និងងអាជ្ញាធរសង្កាត់ផងដែរ ចុះពិនិត្យឃ្លាំងស្តុកឈើដ៏ធំមួយកន្លែងនៅក្នុងបរិវេណសណ្ឋាគារអង្គរអេរ៉ា បន្ទាប់ពីមានសេចក្តីរាយការណ៍ថា មានលាក់ទុកឈើខុសច្បាប់រាប់រយម៉ែត្រគូបនៅទីនោះ ។ សមត្ថកិច្ចចម្រុះមកពីស្ថាប័នពាក់ព័ន្ធនានាក្នុងខេត្តសៀមរាប ចាប់ផ្តើមបើកប្រតិបត្តិការរបស់ខ្លួន ចាប់ពីល្ងាចថ្ងៃទី០២ បន្តមកដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ថ្មីៗនេះ។

ទីតាំងស្តុកឈើមួយនេះ ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ស្របតាមបណ្តោយផ្លូវជាតិលេខ៦ ម្ចាស់ទីតាំងឃ្លាំងឈើនោះ គឺលោកស្រី គី ស៊ុនឡេង ហើយអ្នកទទួលខុសត្រូវយាមឃ្លាំងនោះ ឈ្មោះ ស៊ុន សម្បត្តិ (ភេទប្រុស មិនបានបញ្ជាក់អាយុនោះទេ)។ កិច្ចប្រតិបត្តិការដ៏ធំមួយនេះ ដឹកនាំសម្រួលនីតិវិធីដោយលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប។ ជាមួយនឹងព្រឹត្តិការណ៍នេះកើតឡើង អ្នកយកព័ត៌មានមកពីជាច្រើនស្ថាប័ន រង់ចាំសមត្ថកិច្ចផ្តល់ប្រភពព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រតិបត្តិការនោះ។ នៅវេលាព្រលប់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩  លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្តសៀមរាប ដែលជាតំណាងឲ្យក្រុមសមត្ថកិច្ចនៃប្រតិបត្តិការ បានធ្វើសន្និសីទសារព័ត៌មានមួយ ដើម្បីឆ្លើយតបនៃការចង់ដឹងរបស់អ្នកយកព័ត៌មាន។

លោក ទា គឹមសុទ្ធ បញ្ជាក់ថា ប្រតិបត្តិការនេះ អនុវត្តតាមបទបញ្ជារបស់អភិបាលខេត្ត ឯកឧត្តម ទៀ សីហា ប្រធានគណៈបញ្ជាការឯកភាពខេត្តសៀមរាប។ ការចុះប្រតិបត្តិការនេះ បានពិនិត្យ រកឃើញឃ្លាំងស្តុកឈើនៅគោលដៅសង្ស័យនោះប្រាកដមែន នៅវេលាល្ងាចថ្ងៃទី០២ ខែកក្កដា។ ព្រឹកថ្ងៃទី០៣ ខែកក្កដា ក្រុមសមត្ថកិច្ចបានបន្តនីតិវិធីបើកប្រតិបត្តិការឆែកឆេរ ដោយក្រុមជំនាញចាប់ផ្តើមវាស់វែងកំណត់បរិមាណឈើទាំងនោះ និងពិនិត្យឯកសារនានាដែលពាក់ព័ន្ធ។ នៅក្នុងសេចក្តីរាយការណ៍របស់ លោក ទា គឹមសុទ្ធ បានឲ្យដឹងថា ប្រតិបត្តិការបានពិនិត្យរកឃើញ ឯកសារអនុញ្ញាតច្បាប់ដឹកជញ្ជូនឈើអារចំនួន១២ច្បាប់ និងឯកសារដឹកជញ្ជូនឈើមូលចំនួន១៨ច្បាប់ ស្មើនឹងទំហំនៃការអនុញ្ញាតដឹកជញ្ជូនឈើចំនួន២៧៤ម៉ែត្រគូប។ យ៉ាងណាក៏ដោយ ការវាស់វែងឈើជាវត្ថុតាង បានរកឃើញថា ក្នុងឃ្លាំងស្តុកឈើនោះ មានឈើរក្សាទុកនៅទីនោះជាក់ស្តែង ៥២៦ ម៉ែត្រគូប។ ក្នុងលទ្ធផលត្រួតពិនិត្យនេះ អាចនិយាយបានថា នៅក្នុងឃ្លាំងស្តុកឈើនោះ មានរក្សាទុកឈើខុសច្បាប់ចំនួន២៥២ម៉ែត្រគូប ដែលត្រូវសមត្ថកិច្ចរឹបអូស យកមករក្សាទុក។

លោកក៏បានបញ្ជាក់បន្ថែមឲ្យដឹងដែរថា យោងតាមច្បាប់ព្រៃឈើ សមត្ថកិច្ចត្រូវបានដាក់ពិន័យ ឲ្យម្ចាស់ទីតាំងឃ្លាំងឈើនោះ បំពេញកាតព្វកិច្ចបង់ប្រាក់ពិន័យមួយទ្វេជាបី នៃតម្លៃឈើដែលខុសច្បាប់នោះ បើម្ចាស់ទីតាំងមិនព្រមអនុវត្តតាមការពិន័យទេនោះ សមត្ថកិច្ចត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី។ ឆ្លើយតបនឹងការសាកសួររបស់អ្នកយកព័ត៌មានផងដែរ លោក ទា គឹមសុទ្ធ បានបញ្ជាក់ដែរថា ជាទូទៅ បើសិនជាម្ចាស់ទីតាំងស្តុកឈើណាមួយ មានច្បាប់ដឹកជញ្ជូនឈើដើម្បីកែច្នៃ នោះទីតាំងនោះនឹងត្រូវបានអនុញ្ញាតឲ្យមានបំពាក់ឧបករណ៍ គ្រឿងម៉ាស៊ីនកែច្នៃ តាមផ្លូវច្បាប់ ដោយមិនចាត់ទុកថា ជាកន្លែងកែច្នៃឈើខុសច្បាប់នោះឡើយ។

លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប  បានទម្លាយឲ្យដឹងថា ឃ្លាំងស្តុកឈើមួយកន្លែងនេះ បានដំណើរការអស់រយៈពេលជាយូរឆ្នាំមកហើយ។ ម្ចាស់ទីតាំងនោះធ្លាប់បានដឹកជញ្ជូនឈើ យកមកប្រើប្រាស់ក្នុងសំណង់សណ្ឋាគាររបស់ខ្លួន តាំងតែពីលោកមិនទាន់កាន់តំណែងជាប្រធានមន្ទីរកសិកម្មម្ល៉េះ ប្រហែលក្នុងអំឡុងឆ្នាំ២០០៤។ ឆ្លងកាត់នៃសកម្មភាពរបស់ខ្លួន ម្ចាស់ទីទាំងនោះ ក៏ធ្លាប់បានសមត្ថកិច្ចអនុវត្តន៍ម្តងរួចមកហើយដែរ ក្នុងករណីដូចលើកនេះ។ ទោះជាយ៉ាងណាក៏ដោយ តាមការអង្កេតស្រាវជ្រាវកន្លងមក ទីតាំងស្តុកឈើមួយនេះ គឺសម្រាប់ប្រើប្រាស់កសាងសណ្ឋាគារតែប៉ុណ្ណោះ មិនមែនជាឃ្លាំងឈើសម្រាប់ការធ្វើចរាចរចែកចាយ លក់ដូរឈើនោះឡើយ៕ម.ន ដោយៈ ស៊ាន សុផាត

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner