អត់លុយបង់ថ្លៃសាលាកូន សម្រេចចិត្តលួចកាច់កម៉ូតូ ត្រូវសមត្ថកិច្ចតាមក្របួចជាប់
ភ្នំពេញ៖ បុរសម្នាក់បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពកាច់កម៉ូតូរបស់ប្រជាពលរដ្ឋដែលចតទុកចោលពិតប្រាកដមែន ដោយសារតែខ្លួនមានជីវភាពខ្វះខាត ជាពិសេសអត់លុយបង់ថ្លៃសាលាកូន ទើបសម្រេចចិត្តធ្វើសកម្មភាពបែបនេះតែម្តងទៅ។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការខណ្ឌដង្កោបានឲ្យដឹងថា នៅវេលាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ ជនសង្ស័យឈ្មោះ សុខ ឆេង ភេទប្រុស អាយុ៤៥ឆ្នាំ មុខរត់រ៉ឺម៉កម៉ូតូ មានស្រុកកំណើត ភូមិឆ្លូង ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ បានធ្វើសកម្មភាពកាច់កម៉ូតូមួយគ្រឿងម៉ាកឌ្រីម១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HQ 2952 ដែលជនរងគ្រោះចតទុកនៅមុខផ្ទះ ស្ថិតនៅសង្កាត់ទៀន ខណ្ឌដង្កោ បានសម្រេច ហើយព្យាយាមជិះគេចខ្លួន តែត្រូវកម្លាំងដែលកំពុងជិះល្បាតតាមមូលដ្ឋានឃើញ ក៏ដេញតាមចាប់រហូតមកដល់ចំណុចច្រមុះជ្រូកវត្តហា ផ្លូវ៥០ម៉ែត្រ សង្កាត់ដង្កោ ខណ្ឌដង្កោ ក៏ត្រូវកម្លាំងធាក់ផ្តួលចាប់បានជនសង្ស័យភ្លាមៗតែម្តង។

លោកបន្តថាក្រោយចាប់ជនសង្ស័យ សមត្ថកិច្ចបានដឹកជនសង្ស័យ រួមទាំងវត្ថុតាងជាម៉ូតូរបស់ជនរងគ្រោះ យកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕ធ.ដ

