លោក ដូណាល់ ត្រាំ និយាយថា លោកមានទំនាក់ទំនងល្អជាមួយអ្នកជំនាញជាន់ខ្ពស់ផ្នែកជំងឺឆ្លងអាម៉េរិក ប៉ុន្តែតែងតែមានការខ្វែងគំនិតគ្នា
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានថ្លែងថា រូបលោកពិតជាមានទំនាក់ទំនងល្អជាមួយអ្នកជំនាញផ្នែកជំងឺឆ្លងអាម៉េរិក លោកវេជ្ជបណ្ឌិត អាន់តូនី ហ្វូស៊ី ប៉ុន្តែមិនមែនតែងតែយល់ស្របជាមួយនឹងគាត់គ្រប់រឿងនោះទេ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ។
លោក ដូណាល់ ត្រាំ បានថ្លែងប្រាប់អ្នកកាសែតយ៉ាងដូច្នេះថា ខ្ញុំមានទំនាក់ទំនងល្អណាស់ជាមួយលោកវេជ្ជបណ្ឌិត ហ្វូស៊ី ខ្ញុំចាត់ទុកគាត់ថា ជាមនុស្សដ៏ល្អម្នាក់ តែខ្ញុំតែងតែមិនយល់ស្របជាមួយនឹងគាត់ ។ ដោយឡែកកាលពីសប្តាហ៍មុននេះ នៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ Fox News លោក ដូណាល់ ត្រាំ ក៏បានអះអាងដែរថា លោកវេជ្ជបណ្ឌិត ហ្វូស៊ី បានធ្វើឱ្យមានកំហុសយ៉ាងច្រើន ទាក់ទងនឹងជំងឺរាតត្បាតជាសកលមួយនេះ ។
សូមបញ្ជាក់ថា នៅក្នុងរយៈពេលតិចជាងបួនខែ មុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាម៉េរិកនោះ លោក ត្រាំ បានបង្រួមអប្បបរមានូវការកើនឡើងយ៉ាងខ្លាំងនៃចំនួនករណីឆ្លង COVID-19 នៅទូទាំងសហរដ្ឋអាម៉េរិក ទោះបីជាប្រទេសនេះ មានចំនួនអ្នកឆ្លងខ្ពស់ដល់ទៅជាង៣.៤លានករណី និងមានអ្នកស្លាប់ជិត១៤ម៉ឺននាក់ដែលជាចំនួនឆ្លង និង ស្លាប់ខ្ពស់បំផុតនៅលើពិភពលោក ៕




