សម្តេចតេជោ ហ៊ុន សែន ថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រកម្ពុជា

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្វាយសារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្ដុង្គឧត្តមនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ” សង្ក្រាន្ត ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤ ” ។

ក្នុងសារលិខិតថ្វាយព្រះពររបស់សម្ដេចតេជោ ហ៊ុន សែន មានខ្លឹមសារថា បពិត្រព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!

ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ “សង្ក្រាន្ត” ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤ ដែលនឹងឈានចូលមកដល់នៅរាត្រីថ្ងៃសៅរ៍ ៥កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ២២:២៤ នាទី ខាងមុខ ជាបឋម ក្នុងនាមសមាជិក សមាជិកាទាំងអស់ នៃព្រឹទ្ធសភា នៃព្រះរាជា ណាចក្រកម្ពុជា ទូលព្រះបង្គំជាខ្ញុំ សូមលំឱនកាយថ្វាយព្រះសព្ទសាធុការពរបវរសួស្តីសិរីមង្គលវិបុលសុខគ្រប់ប្រការ សូមព្រះករុណាជាអម្ចាស់ ស្ដេចទ្រង់មានព្រះរាជសុខភាពល្អពេញបរិបូណ៌ ព្រះពលានុភាពមាំមួនខ្លាំងក្លា ព្រះបញ្ញា ញាណភ្លឺថ្លាត្រចះត្រចង់ ព្រះជន្មាទីឃាយុយឺនយូរជាងរយព្រះវស្សា ដើម្បីព្រះអង្គស្ដេចគង់ប្រថាប់គ្រងព្រះបរមសិរីរាជ សម្បត្តិជាម្លប់ដល់ប្រជាពលរដ្ឋជាកូន ជាចៅរបស់ព្រះអង្គជ្រកកោនត្រជាក់ត្រជំសុខដុមរមនាជាភិយ្យោភាពតរៀងទៅ។

ក្នុងព្រះបរមរាជវរោកាសដ៏វិសេសវិសាលនេះ ទូលព្រះបង្គំជាខ្ញុំសូមព្រះបរមរាជានុញ្ញាតសម្តែងថ្វាយនូវព្រះ សក្ខីកម្មជាវិជ្ជមានរបស់ព្រះករុណាថ្លៃវិសេសជាទីគោរពសក្ការៈ ដែលព្រះអង្គស្ដេចទ្រង់បំពេញព្រះរាជបូជនីយកិច្ចបម្រើ ជាតិ សាសនា មហាប្រជានុរាស្ត្ររបស់ព្រះអង្គ ប្រកបដោយព្រះទសពិធរាជធម៌ ព្រះព្រហ្មវិហារធម៌ និងព្រះមនុស្ស ធម៌ដ៏ត្រជាក់ក្សេមក្សាន្តសំបូរសប្បាយជានិច្ចនិរន្តរ៍។

ខណៈនេះ ទូលព្រះបង្គំជាខ្ញុំ ព្រមទាំងសមាជិក សមាជិកាព្រឹទ្ធសភាគ្រប់រូប សូមបួងសួងដល់ដួងព្រះវិញ្ញាណ ក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានី ពិសេសដួងព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ ព្រះបរមរតន កោដ្ឋ ជាទីសក្ការៈ ព្រមទាំងទេពធីតារក្សាឆ្នាំថ្មីព្រះនាម មហោទរៈទេវី សូមអភិបាលប្រោះព្រំព្រះសព្ទសាធុការពរ ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណា ចក្រកម្ពុជា សូមព្រះអង្គទ្រង់ព្រះប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង ឃ្លាតឡើយ។

សូមព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈ ទ្រង់ប្រោសព្រះរាជមេត្តាទទួលនូវអភិវន្ទនកិច្ច និងកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំជាខ្ញុំ ព្រមទាំងសមាជិក សមាជិកាទាំងអស់ នៃព្រឹទ្ធសភា ៕

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner