សម្ដេចធិបតី ហ៊ុន ម៉ាណែត ជូនពរបងប្អូន អុំពូមីង តាយាយ ធ្វើដំណើរទៅកាន់ស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ប្រកបដោយសុខសុវត្ថិភាព
(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត ជូនពរបងប្អូន អុំពូមីង តាយាយ ធ្វើដំណើរទៅកាន់ស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ប្រកបដោយសុខសុវត្ថិភាព និងទទួលបាននូវសេចក្តីសុខជានិច្ច ពិសេសបានសប្បាយនឹងការជួបជុំជាមួយក្រុមគ្រួសារ ក្រោមម្លប់នៃសុខសន្តិភាព ស្ថេរភាព ។ នេះបើតាមការលើកឡើងនៅលើបណ្ដាញសង្គមតេលេក្រាមរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសរសេរថា បងប្អូន អុំពូមីង តាយាយ បានកំពុងធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញ ដើម្បីទៅកាន់ស្រុកកំណើតរៀងៗខ្លួនតាមរយៈរថយន្តក្រុង ដែលរៀបចំដោយសាលារាជធានីភ្នំពេញ ប្រកបដោយទឹកមុខរីករាយ និងសុខសុវត្ថិភាពក្នុងការធ្វើដំណើរ ។

តាមរយៈការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសម្រួលដល់ការធ្វើដំណើររបស់បងប្អូន អុំពូមីង តាយាយ ទៅកាន់ភូមិដ្ឋានរបស់ខ្លួន ដើម្បីជួបជុំក្រុមគ្រួសារ រីករាយសាទរទទួលទេវតាឆ្នាំថ្មី ចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយបានរៀបចំនៅរថយន្តក្រុងជាច្រើនរយគ្រឿងសម្រាប់ដឹកជញ្ជូនបងប្អូន អ៊ំពូមីង តាយាយប្រកបដោយការយកចិត្តទុកដាក់ ស្នាមញញឹម និងសុខសុវត្ថិភាពជានិច្ចទាំងទៅ និងត្រឡប់មកវិញ។
សម្ដេចធិបតី បានបន្តថា ក្រោមការដឹកនាំ និងសម្របសម្រួលពីគណៈអភិបាលរាជធានីភ្នំពេញ ក្រុមការងារ ពិសេសអ្នកបើកបររថយន្តក្រុងរាប់រយគ្រឿង ព្រមទាំងក្រុមការងារផ្គត់ផ្គង់ភេសជ្ជៈផ្សេងៗ ការធ្វើដំណើររបស់បងប្អូន អុំ ពូមីង បាននឹងកំពុងដំណើរការចាកចេញពីរាជធានីភ្នំពេញ ទៅកាន់បណ្តាខេត្តទូទាំងប្រទេស ដើម្បីជួបជុំក្រុមគ្រួសារ ធ្វើបុណ្យ លេងកំសាន្ត និងត្រៀមសាទរទទួលទេវតាឆ្នាំថ្មីប្រពៃណីជាតិ ។

សម្ដេចនាយករដ្ឋមន្ត្រី សូមជូនពរឲ្យគ្រប់ការធ្វើដំណើរទាំងអស់ប្រកបដោយសុខសុវត្ថិភាព រីករាយ និងទទួលបាននូវសេចក្តីសុខជានិច្ច ពិសេសបានសប្បាយនឹងការជួបជុំជាមួយក្រុមគ្រួសារ ក្រោមម្លប់នៃសុខសន្តិភាព ស្ថេរភាព ។ បន្ថែមពីនោះ គ្រប់រាជធានី-ខេត្តទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើសុខសណ្តាប់ធ្នាប់សង្គម ពិសេស បញ្ហាចរាចរណ៍ ដោយត្រូវកាត់បន្ថយឱ្យបានជាអប្បបរមា ។
សូមជម្រាបថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ គ.ស.២០២៤ នឹងឈានចូលមកដល់នៅរាត្រីថ្ងៃសៅរ៍ ៥កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ២២៖២៤នាទី ខណៈពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំនេះ មានរយៈពេល ៤ថ្ងៃ គឺថ្ងៃទី១៣ ទី១៤ ទី១៥ និងទី១៦ ខែមសា ឆ្នាំ២០២៤ ។
ជាមួយគ្នានេះ នៅតាមបណ្ដារាជធានី ខេត្ត ទាំង២៥ បានត្រៀមលក្ខណៈ និងរៀបចំលម្អរួចរាល់ ដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ៕







ដោយ ៖ វណ្ណលុក