ជប៉ុនកត់ត្រាចំនួនភ្ញៀវទេសចរប្រចាំខែខ្ពស់បំផុតមិនធ្លាប់មាន
តូក្យូ៖ ទិន្នន័យរបស់រដ្ឋាភិបាលជប៉ុន បានបង្ហាញឱ្យដឹងនាពេលថ្មីៗនេះថា ភ្ញៀវទេសចរបរទេសជាង ៣លាននាក់បានមកលេងកំសាន្តប្រទេសជប៉ុន ក្នុងខែមីនា ឆ្នាំ២០២៤ ដែលនេះជាកំណត់ត្រាប្រចាំខែខ្ពស់បំផុតមិនធ្លាប់មាន សម្រាប់វិស័យទេសចរណ៍របស់ខ្លួន។

អង្គការទេសចរណ៍ជាតិជប៉ុនបានបញ្ជាក់ថា ក្នុងខែមីនាឆ្នាំនេះ ប្រទេសជប៉ុនបានកត់ត្រាពីចំនួនភ្ញៀវទេសចរបរទេសសរុបរហូតដល់ ៣.០៨លាននាក់ កើនឡើងចំនួន ៦៩.៥ភាគរយ បើធៀបនឹងរយៈពេលកាលពីឆ្នាំ២០២៣ និងការកើនឡើងចំនួន ១១.៦ភាគរយ បើធៀបនឹងខែមីនា ឆ្នាំ២០១៩ មុនពេលជំងឺរាតត្បាតបានវាយលុកវិស័យទេសចរណ៍ពិភពលោក។
ទីភ្នាក់ងាររដ្ឋាភិបាលនេះបន្ថែមថា ខែមីនាឆ្នាំនេះគឺជាខែមានកំណើនខ្ពស់បំផុតក្នុងកំណត់ត្រា ហើយនេះជាលើកដំបូងដែលចំនួនភ្ញៀវទេសចរបរទេសកើនឡើងលើសពី ៣លាននាក់។ ក្នុងនោះភ្ញៀវទេសចរភាគច្រើនមកពីប្រទេសឥណ្ឌា អាល្លឺម៉ង់ តៃវ៉ាន់ និងសហរដ្ឋអាមេរិក។

សូមជម្រាបថា វិស័យទេសចរណ៍របស់ប្រទេសជប៉ុន បាននឹងកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ចាប់តាំងពីការបិទខ្ទប់ប្រទេស អំឡុងជំងឺរាតត្បាតកូវីដ១៩ត្រូវបានដកចេញ ហើយរដ្ឋាភិបាលក៏កំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការជំរុញការទាក់ទាញភ្ញៀវទេសចរបរទេសផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
