អ៊ីរ៉ាក់ពឹងអាមេរិកផ្គត់ផ្គង់អគ្គិសនីដល់ប្រជាជនខ្លួនជាង ៤៣លាននាក់
វ៉ាស៊ីនតោន៖ អំឡុងពេលនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mohamed Shia al-Sudani បំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក អ៊ីរ៉ាក់បានឈានដល់ការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាជាច្រើន ជាមួយទីក្រុងវ៉ាស៊ីនតោននៅក្នុងវិស័យថាមពល នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីជំរុញការផ្គត់ផ្គង់អគ្គិសនីដល់ប្រជាជនខ្លួនជាង ៤៣លាននាក់។
ថ្វីបើជាប្រទេសមានកំណប់ប្រេងដ៏មហាសាលក៏ដោយ តែអ៊ីរ៉ាក់នៅតែជួបប្រទះនឹងបញ្ហាកង្វះការផ្គត់ផ្គង់ថាមពលអគ្គិសនី ឱ្យបានគ្រប់គ្រាន់ដល់ប្រជាជនរបស់ខ្លួនចំនួន ៤៣លាននាក់ បន្ទាប់ពីជម្លោះ និងការដាក់ទណ្ឌកម្មជាច្រើនទសវត្សរ៍ ក៏ដូចជាអំពើពុករលួយដ៏ច្រើនសន្ធឹកសន្ធាប់ និងការដួលរលំហេដ្ឋារចនាសម្ព័ន្ធ។

បច្ចុប្បន្ននេះ រោងចក្រថាមពលរបស់អ៊ីរ៉ាក់បានពឹងផ្អែកខ្លាំងលើឧស្ម័នដែលនាំចូលពីអ៊ីរ៉ង់ ដែលប្រហែលជាមួយភាគបីនៃតម្រូវការថាមពលសរុបនៅទូទាំងប្រទេស។ ប៉ុន្តែអ៊ីរ៉ង់បានកាត់បន្ថយការផ្គត់ផ្គង់ជាញឹកញាប់ ដែលនាំឱ្យមានការដាច់ចរន្តអគ្គិសនីកាន់តែធ្ងន់ធ្ងរ។
អាជ្ញាធរអ៊ីរ៉ាក់បាននិយាយថា ផលិតកម្មថាមពលជាតិប្រចាំថ្ងៃត្រូវការជាចាំបាច់ យ៉ាងហោចណាស់រហូតដល់ ៣២,០០០មេហ្កាវ៉ាត់ ដើម្បីជៀសវាងការដាច់ចរន្តអគ្គិសនី។នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mohamed Shia al-Sudani ក៏បានសង្កត់ធ្ងន់ម្តងហើយម្តងទៀត អំពីតម្រូវការធ្វើពិពិធកម្មប្រភពថាមពល ដើម្បីបន្ធូរបន្ថយការដាច់ភ្លើងរ៉ាំរ៉ៃផងដែរ។

គួរបញ្ជាក់ថា ការដាច់ចរន្តអគ្គិសនី ដែលជួនកាលបង្កឱ្យផ្ទុះការតវ៉ាដោយកំហឹងពីប្រជាជន គឺជាបញ្ហាដ៏ធ្ងន់ធ្ងរបំផុតសម្រាប់ប្រទេសអ៊ីរ៉ាក់ ជាពិសេសនៅក្នុងរដូវក្តៅ ជាពេលដែលសីតុណ្ហភាពហក់ឡើងដល់ ៥០អង្សាសេ ហើយតម្រូវការទូរទឹកកក និងម៉ាស៊ីនត្រជាក់ក៏កើនឡើងផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
