កាដាណាបើកដំណើរការបំពង់ថ្មី បង្ហូរប្រេងឆៅទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក

នៅថ្ងៃពុធនេះ ប្រទេសកាណាដានឹងដាក់ឲ្យដំណើរការបំពង់បង្ហូរប្រេងឆៅថ្មី ប្រវែងជាង១ពាន់ឡូម៉ែត្រ ពីតំបន់ Alberta ឆ្ពោះទៅឆ្នេរសមុទ្រប៉ាស៊ីហ្វិក ជាទីចែកចាយប្រេងទៅកាន់ទីផ្សារអន្តរជាតិ។ នេះជាសមិទ្ធិផលថ្មី ដែលប្រទេសជឿនលឿនមួយនេះ មិនធ្លាប់មានទេក្នុងរយៈពេលជាង ៧០ឆ្នាំ កន្លងទៅ។

បំពង់នេះត្រូវបានសាងសង់បន្ថែមពីលើបំពង់បង្ហូរប្រេងចាស់ដែលមានអាយុ៧១ឆ្នាំមកហើយ។ បំពង់ចាស់អាចបង្ហូរប្រេងឆៅ បានប្រមាណ ៣០ម៉ឺនបារ៉ែល ក្នុងមួយថ្ងៃ ហើយកាណាដាជឿថា ប្រេងឆៅប្រហែល ៦០ម៉ឺនបារ៉ែល បន្ថែមទៀត នឹងត្រូវបង្ហូរតាមបំពង់ថ្មី។ បំពង់ថ្មីនេះស្ថិតក្រោមគម្រោងពង្រីកបំពង់បង្ហូរប្រេងឆៅ Trans Mountain Pipeline System ដែលមានតម្លៃ ២៥ពាន់លានដុល្លារ។

កាណាដាជាប្រទេសនាំចេញប្រេងធំជាងគេលើពិភពលោកលំដាប់ទី៤។ ប៉ុន្តែ អ្នកបរិស្ថាន និងក្រុមជនជាតិដើមភាគតិច ព្រួយបារម្ភអំពីផលវិបាក នៃការផលិតប្រេងឆៅបន្ថែមទៀត របស់កាណាដា។ សាស្ត្រាចារ្យសាកលវិទ្យាល័យ British Columbia បាននិយាយថា អ្នកបរិស្ថានព្រួយបារម្ភអំពីវិបត្តិអាកាសធាតុ និងការកំពប់ដែលអាចកើតមាន ពីបំពង់បង្ហូរប្រេង ឬ នាវាដឹកប្រេង ដែលអាចគំរាមគំហែងដល់អាយុជីវិតមនុស្សនិងសត្វ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner