មន្ត្រីអាមេរិក ៤នាក់ ត្រូវបានបាញ់សម្លាប់ ក្នុងពេល អនុវត្តដីកាចាប់ខ្លួន

អាមេរិក៖ ប៉ូលីសបាននិយាយថា មន្ត្រីអនុវត្តច្បាប់អាមេរិក ចំនួន ៤នាក់ ត្រូវបានសម្លាប់ និង ៤នាក់ផ្សេងទៀត រងរបួសធ្ងន់ អំឡុងការបាញ់ប្រហារ ខណៈដែលពួកគេអនុវត្តដីកាឧក្រិដ្ឋ ចាប់ខ្លួនជនសង្ស័យម្នាក់ នៅក្នុងផ្ទះមួយកន្លែង នាភាគខាងត្បូងរដ្ឋ North Carolina ។

នាយកដ្ឋានប៉ូលីសប្រចាំតំបន់ Charlotte-Mecklenburg បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា បុរសដែលគេចង់ចាប់ខ្លួននោះបានស្លាប់ផងដែរ បន្ទាប់ពីរូបគេបានបាញ់សម្លាប់មន្រ្តី ហើយមន្រ្តីក៏បានបាញ់តបត មកវិញ ដោយការប្រឈមមុខដាក់គ្នា ដែលបានកើតឡើង កាលពីថ្ងៃចន្ទ លើកនោះ មានរយៈពេលប្រហែល ៣ម៉ោង។

ក្រសួងយុត្តិធម៌បានបញ្ជាក់ថា ក្នុងចំណោមមន្ត្រីអនុវត្តច្បាប់ដែលបានស្លាប់ រួមមាន អនុសេនាធិការអាមេរិកម្នាក់ និងមន្ត្រីកងកម្លាំងពីរនាក់។ ក្រោយមក ក៏បានប្រកាសពីការស្លាប់របស់មន្ត្រីម្នាក់ទៀត ក្រោយរងរបួសធ្ងន់ធ្ងរ។

សេតវិមានបាននិយាយថា ប្រធានាធិបតីអាមេរិក លោក Joe Biden បានទទួលព័ត៌មានអំពីឧបទ្ទវហេតុនេះ ហើយបានសម្តែងនូវ «ការរំលែកទុក្ខ និងការគាំទ្រដោះស្រាយបញ្ហាក្នុងសហគមន៍នេះ»៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner