សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា ត្រូវធ្វើផែទឹកជ្រៅ ដើម្បីកុំពឹងដង្ហើមគេដក
ព្រះសីហនុ៖ វិស័យកំពង់ផែ គឺជាវិស័យមួយ ក្នុងចំណោមវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ។ តែយ៉ាងណា កំពង់ផែរបស់កម្ពុជា នៅរាក់នៅឡើយ ដូច្នេះយើងត្រូវធ្វើផែទឹកជ្រៅ ដើម្បីកុំពឹងដង្ហើមគេដក ។ នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ «សហគ្រាស មួយ ជា សហគមន៍សុខសាន្តមួយ» ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិស័យកំពង់ផែ គឺជាវិស័យមួយក្នុងចំណោមវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល។ ការដឹកជញ្ជូនតាមផ្លូវទឹក បានជួយក្នុងការប្រកួតប្រជែងខាងវិស័យឧស្សាហកម្ម កសិ-ឧស្សាហកម្ម និងកសិកម្ម។
សម្ដេចធិបតី បានបន្តថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានដើរតួយ៉ាងសំខាន់ណាស់ តែកំពង់ផែនៅរាក់នៅឡើយ បច្ចុប្បន្នយើងកំពុងសាងសង់កំពង់ផែទឹកជ្រៅ ដើម្បីកុំឲ្យពឹងដង្ហើមគេដក ព្រោះនាវាធំៗដឹកទំនិញមកមិនអាចចូលចតបាន ដូច្នេះយើងត្រូវដឹកនាវាតូចៗទៅចូលចត និងលើកទាក់ទំនិញនៅសិង្ហបុរី ។
សម្តេច បញ្ជាក់ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏បានរៀបចំពិធីបើកការដ្ឋាន សាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ មានប្រវែង ៣៥០ម៉ែត្រ ជម្រៅទឹក ១៤,៥ ម៉ែត្រ កាលពីឆ្នាំ២០២៣ ។ ចំណតផែថ្មី-ជំហានទី១ នេះ មានសមត្ថភាពអាចអនុញ្ញាតឱ្យនាវាប្រមាណជាង ៩៣% ក្នុងតំបន់ចូលចតនៅកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ ដែលបច្ចុប្បន្នមានត្រឹមតែ ១៨% ប៉ុណ្ណោះអាចចូលចតបាន ហើយគម្រោងនេះនឹងបញ្ចប់ការសាងសង់នៅក្នុងអំឡុងឆ្នាំ២០២៦។
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏គ្រោងនឹងពង្រីកសមត្ថភាពបន្ថែមទៀត តាមរយៈគម្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី២ មានប្រវែង ៤០០ម៉ែត្រ ជម្រៅទឹក ១៦,៥ម៉ែត្រ និងចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី៣ មានប្រវែង ៤៣០ម៉ែត្រ ជម្រៅទឹក ១៧,៥ម៉ែត្រ រួមជាមួយនឹងគម្រោងបំពាក់ ឧបករណ៍បច្ចេកទេសទំនើបៗផ្សេងៗ ដើម្បីគាំទ្រដល់ប្រតិបត្តិការរបស់កំពង់ផែឱ្យកាន់តែមាន ប្រសិទ្ធភាពប្រកបដោយស្តង់ដារខ្ពស់ ។
ជាមួយគ្នានេះ ចំនួននាវាឆ្លងកាត់កំពង់ផែមានចំនួន ១,៥០៦គ្រឿង កើនឡើង ៤,៤៤ ភាគ រយ និងចំណុះផ្ទុកនាវា មានរហូតដល់ជាង ១៩លានតោន ដែលមានកំណើនខ្ពស់ រហូតដល់ ៣៥,៤២ភាគរយ។ បើគិតក្នុងរយៈពេល ១៤សប្តាហ៍ឆ្នាំ២០២៤ បរិមាណ កុង តឺន័រ ឆ្លងកាត់មានចំនួនប្រមាណ ២៤ម៉ឺនTEUs កើនឡើង ២៣,៤៨ភាគរយ ធៀប នឹង រយៈពេលដូចគ្នាឆ្នាំ២០២៣ ដែលតួលេខនេះបានបង្ហាញពីសន្ទុះប្រកបដោយភាព រឹង មាំ សម្រាប់ឆ្នាំ២០២៤ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ











