សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអប់រំ យកចិត្តទុកដាក់ចំពោះសិស្សានុសិស្ស នៅតាមសាលារៀន នារដូវក្តៅនេះ
ព្រះសីហនុ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដោយសារបច្ចុប្បន្នសីតុណ្ហភាពក្តៅខ្លាំង ថ្ងៃខ្លះឡើងដល់៤០អង្សា ដូច្នេះសម្ដេច បានណែនាំឲ្យក្រសួងអប់រំ យកចិត្តទុកដាក់ចំពោះសិស្សានុសិស្ស នៅតាមសាលារៀន នារដូវក្តៅនេះ ដោយកែប្រែម៉ោងសិក្សា ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ក្នុងឱកាសអញ្ជើញជាអធិបតី សំណេះសំណាលជាមួយមន្រ្តីរាជការ បុគ្គលិក កម្មករ និយោជិក កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី ០១ ឧសភា ឆ្នាំ២០២៤ ថា ក្នុងពេលអាកាសធាតុបច្ចុប្បន្ននេះ ត្រូវប្រុងប្រយ័ត្នចំពោះអគ្គិភ័យ និងទឹក។
សូមជំរាបដែរថា តាមរយះការណែនាំពីសម្តេចធិបតី ហ៊ុន ម៉ាណែត ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចប្តូរម៉ោងសិក្សារបស់សិស្សានុសិស្ស នៅតាមគ្រឹះស្ថានសិក្សាទាំងអស់ ដោយពេលព្រឹកចូលរៀនម៉ោង៧ ចេញម៉ោង១០ព្រឹក និងពេលរសៀលចូលម៉ោង២ ចេញម៉ោង ៥រសៀល ។
យោងតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងអប់រំ បានបញ្ជាក់ថា រដូវប្រាំងឆ្នាំ២០២៤ អាកាសធាតុក្តៅហួតហែងខ្លាំង និងអាចមានសីតុណ្ហភាពលើសពី ៤០ អង្សារ ជាពិសេសនៅចន្លោះពីម៉ោង ១០:០០ ព្រឹក ដល់ម៉ោង ១៤:០០ រសៀល។ ដើម្បីបង្ការទប់ស្កាត់ហានិភ័យ និងចៀសវាងជំងឺផ្សេងៗ ដែលអាចប៉ះពាល់ដល់សុខភាព ការរៀនសូត្ររបស់សិស្សានុសិស្ស និងការបំពេញការងាររបស់លោកគ្រូ អ្នកគ្រូ ក្រសួងសូមណែនាំ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាទាំងអស់ ពិនិត្យស្ថានភាពជាក់ស្តែង និងចាត់ចែងអនុវត្តដូចតទៅ៖
ពេលព្រឹក ចូលរៀននៅម៉ោង ៧ ចេញម៉ោង ១០ព្រឹក ។
ពេលរសៀល ចូលរៀននៅម៉ោង ១៤ ចេញម៉ោង ១៧ល្ងាច
ក្នុងមួយម៉ោងសិក្សា លោកគ្រូ អ្នកគ្រូត្រូវឱ្យសិស្សឈប់សម្រាក ឬចេញលេងរយៈពេល ១៥ នាទី ។
គ្រឹះស្ថានសិក្សាត្រូវត្រៀមទឹកសម្រាប់គ្រូបង្រៀន និងសិស្សប្រើប្រាស់ និងណែនាំសិស្សឱ្យយកទឹកឆ្អិនពីផ្ទះមកទទួលទាន ។
ក្នុងករណីសីតុណ្ហភាពឡើងខ្លាំងលើសពីការគ្រប់គ្រង គ្រឹះស្ថានសិក្សាមានសិទ្ធិក្នុងការសម្រេចជាក់ស្តែង ។
អនុវត្តតាមគោលការណ៍ដែលមានស្រាប់វិញ នៅពេលផុតរដូវក្តៅ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

