ប្រមុខ UN ព្រមានថា បើអ៊ីស្រាអែលបង្កើនការវាយលុកទីក្រុង Rafah នោះជនស៊ីវិលរាប់ពាន់នាក់នឹងស្លាប់ថែមទៀត

យូអិន៖ ប្រធានអង្គការសហប្រជាជាតិ នៅថ្ងៃអង្គារបានជំរុញអ៊ីស្រាអែលកុំឱ្យឈ្លានពានទីក្រុង Rafah ភាគខាងត្បូងនៃតំបន់ហ្គាហ្សា បន្ទាប់ពីនាយករដ្ឋមន្រ្តីអ៊ីស្រាអែលបាននិយាយថា ការវាយលុកនឹងដំណើរការទៅមុខ។

ជាមួយនឹងសង្រ្គាមកាន់តែកក្រើកក្នុងតំបន់ កំហឹងអន្តរជាតិកើនឡើងជុំវិញចំនួនមនុស្ស និងអ្នកសម្រុះសម្រួលបង្កើនកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីបន្ធូរបន្ថយវិបត្តិ និងឈានដល់បទឈប់បាញ់ លោក Guterres បានអង្វរអ៊ីស្រាអែលកុំឱ្យបន្តប្រតិបត្តិការរបស់ខ្លួន។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរេស បានប្រាប់អ្នកយកព័ត៌មានថា ការវាយប្រហារដោយយោធាលើទីក្រុង Rafah នឹងក្លាយជាការកើនឡើងភាពតានតឹង ដែលមិនអាចទ្រាំទ្របាន ព្រោះវានឹងសម្លាប់ជនស៊ីវិលរាប់ពាន់នាក់បន្ថែមទៀត ហើយបង្ខំឱ្យមនុស្សរាប់សែននាក់ភៀសខ្លួន។

លោក ហ្គូទែរេស បន្ថែមថា ប្រតិបត្តិការបែបនេះ នឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ជាមួយនឹងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើតំបន់ West Bank និងនៅទូទាំងតំបន់កាន់តែទូលំទូលាយ។

ប្រមុខអង្គការសហប្រជាជាតិរូបនេះបានសង្កត់ធ្ងន់ថា សមាជិកទាំងអស់នៃក្រុមប្រឹក្សាសន្តិសុខ និងរដ្ឋាភិបាលជាច្រើនផ្សេងទៀត ក៏បានសម្តែងការប្រឆាំងរបស់ពួកគេយ៉ាងច្បាស់ ចំពោះប្រតិបត្តិការបែបនេះដែរ។ ខ្ញុំសូមអំពាវនាវឱ្យអ្នកដែលមានឥទ្ធិពលលើអ៊ីស្រាអែល ធ្វើអ្វីគ្រប់យ៉ាងនៅក្នុងអំណាចរបស់ពួកគេដើម្បីទប់ស្កាត់ប្រតិបត្តិការនេះ។

ការព្រមានចុងក្រោយរបស់លោក ហ្គូទែរេស នេះ ធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានសន្យាថា កងទ័ពអ៊ីស្រាអែលនឹងបើកការវាយលុកលើទីក្រុង Rafah ភាគខាងត្បូងនៃតំបន់ហ្គាហ្សាស្ទ្រីប ទោះបីជាមាន ឬគ្មានកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយក្រុមហាម៉ាស់។

ទីក្រុង Rafah បានក្លាយជាជម្រកសម្រាប់ប្រជាជនប៉ាឡេស្ទីនប្រហែល ១.៥លាននាក់ ដែលបានភៀសខ្លួនពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ដែលបានបំផ្លិចបំផ្លាញទឹកដីហ្គាហ្សាចាប់តាំងពីសង្រ្គាមផ្ទុះឡើងនៅថ្ងៃទី៧ ខែតុលា នៅពេលដែលក្រុមហាម៉ាស់បានបើកការវាយប្រហារមិនធ្លាប់មានពីមុនមកលើអ៊ីស្រាអែល៕ ប្រភព: AFP ប្រែសម្រួលដោយ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner