នាវាផ្ទុកយន្តហោះថ្មីរបស់ចិន ធ្វើដំណើរសាកល្បងតាមផ្លូវសមុទ្រជាលើកដំបូង
ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា នាវាផ្ទុកយន្តហោះ Fujian របស់ចិន នៅថ្ងៃពុធទី០១ ខែឧសភា បានធ្វើដំណើរសាកល្បងតាមផ្លូវសមុទ្រជាលើកដំបូង ដែលនេះជាជំហានបន្ទាប់ដ៏សំខាន់ នៅក្នុងការកសាងកងនាវាចរដ៏ធំដោយទីក្រុងប៉េកាំង ខណៈចិនបានបង្ហាញពីតួនាទីដ៏រឹងមាំទាំងនៅក្នុងតំបន់ប៉ាស៊ីហ្វិក និងលើសពីនេះ។
Fujian គឺជានាវាផ្ទុកយន្តហោះគ្រឿងទីបីរបស់ប្រទេសចិន បន្ទាប់ពីនាវា Liaoning និង Shandong ហើយវាក៏ជានាវាធំបំផុតមិនធ្លាប់មានរបស់កងទ័ពជើងទឹកចិនផងដែរ។ ទីភ្នាក់ងារព័ត៌មានរដ្ឋចិនស៊ីនហួរបានរាយការណ៍ថា នាវានេះបានចាកចេញពីកន្លែងផលិតកប៉ាល់ ជាំងណាន ភាគខាងកើតទីក្រុងសៀងហៃ នៅម៉ោងប្រហែល ៨ព្រឹកថ្ងៃពុធនេះ។ ការធ្វើដំណើរសាកល្បងនេះនឹងក្លាយជាការធ្វើតេស្តជាចម្បងនូវភាពជឿជាក់ និងស្ថេរភាពនៃប្រព័ន្ធជំរុញ និងអគ្គិសនីរបស់នាវាផ្ទុកយន្តហោះរបស់ចិននេះ។
ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗ ប្រទេសចិនបានបង្កើនការចំណាយយ៉ាងច្រើនសម្បើមទៅលើកងទ័ពជើងទឹករបស់ខ្លួន ស្របពេលដែលទីក្រុងប៉េកាំងស្វែងរកការពង្រីកដែនទឹករបស់ខ្លួននៅក្នុងតំបន់ប៉ាស៊ីហ្វិក និងប្រកួតប្រជែងប្រព័ន្ធសម្ព័ន្ធភាពដឹកនាំដោយសហរដ្ឋអាមេរិក។
ក្រុមអ្នកវិភាគនៅស្ថាប័នស្រាវជ្រាវយុទ្ធសាស្ត្រអាមេរិក CSIS ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បាននិយាយថា នាវាផ្ទុកយន្តហោះចិន Fujian ត្រូវបានគេរំពឹងថា នឹងបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាកាន់តែទំនើបជាងមុន ដែលអនុញ្ញាតឱ្យកងទ័ពអាកាសចិន អាចដាក់ពង្រាយយន្តហោះ និងប្រេងឥន្ធនៈបានកាន់តែច្រើនជាងមុន។
យោងតាមរបាយការណ៍កាលពីខែមករា ចេញផ្សាយដោយសេវាកម្មស្រាវជ្រាវសភាអាមេរិក ដែលដកស្រង់ប្រភពពីមន្ទីរបញ្ចកោណ បានឱ្យដឹងថា ចិននឹងក្លាយជាប្រទេសមានកងទ័ពជើងទឹកធំបំផុតនៅលើពិភពលោក ហើយរបាយការណ៍នេះក៏បានព្យាករណ៍ដែរថា ចិននឹងបង្កើននាវារហូតដល់ ៤៣៥គ្រឿងនៅឆ្នាំ ២០៣០៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា