អាមេរិកចោទរុស្ស៊ីប្រើអាវុធគីមីក្នុងសង្គ្រាមអ៊ុយក្រែន
វ៉ាស៊ីនតោន៖ ក្រសួងការបរទេសអាមេរិក ក្នុងថ្ងៃពុធនេះ ចោទប្រកាន់រុស្ស៊ីថា បានប្រើប្រាស់អាវុធគីមីប្រឆាំងនឹងកងកម្លាំងអ៊ុយក្រែន ដែលទង្វើនេះជាការរំលោភលើអនុសញ្ញាស្តីពីការហាមឃាត់ការប្រើប្រាស់អាវុធគីមី ហើយថែមទាំងបានប្រកាសដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ីផងដែរ។

ក្រសួងការបរទេសអាមេរិកបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា បន្ថែមពីលើការប្រើប្រាស់សារធាតុគីមី chloropicrin រុស្ស៉ីក៏បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក ជាវិធីសាស្ត្រធ្វើសង្រ្គាមនៅអ៊ុយក្រែនផងដែរ ក្នុងចេតនាវាយរុញច្រានកងកម្លាំងអ៊ុយក្រែន ឱ្យដកថយចេញពីទីតាំងឈរជើងរបស់ពួកគេ និងដើម្បីសម្រេចគោលដៅយុទ្ធសាស្ត្រនៅលើសមរភូមិ។

វិទ្យាស្ថានជាតិសុខាភិបាលអាមេរិក បានបញ្ជាក់ថា សារធាតុគីមី chloropicrin អាចយកទៅប្រើជាអាវុធគីមី និងថ្នាំសម្លាប់សត្វល្អិត ហើយវាអាចបង្កគ្រោះថ្នាក់ដល់សុខភាព បើសិនស្រូបវាចូលខ្លួន។ ទោះបីជាយ៉ាងណា កន្លងមក រុស្ស៉ីក៏ធ្លាប់បានអះអាងដែរថា ខ្លួនលែងមានឃ្លាំងអាវុធគីមីទៀតហើយ ខណៈដែលបណ្ដាប្រទេសលោកខាងលិចទាមទារឱ្យរុស្ស៊ីបង្ហាញពីតម្លាភាព ឬភស្តុតាងក៏ដោយ។

ក្រៅពីការចោទប្រកាន់នេះដែរ ក្រសួងហិរញ្ញវត្ថុអាមេរិកក៏បានប្រកាសដាក់ទណ្ឌកម្មថ្មីលើយោធា និងឧស្សាហកម្មវិស័យការពារជាតិរុស្ស៊ី ក្នុងនោះរួមមាន ដាក់ទណ្ឌកម្មលើអង្គភាព និងក្រុមហ៊ុនជិត ៣០០ នៅក្នុងប្រទេសរុស្ស៉ី ចិន និងបណ្ដាប្រទេសមួយចំនួនទៀត ដែលគាំទ្រការឈ្លានពានរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ប្រឆាំងនឹងអ៊ុយក្រែន៕


ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា