Microsoft បោះទុន ២.២ពាន់លានដុល្លារ អភិវឌ្ឍ AI និង Cloud នៅម៉ាឡេស៊ី

គូឡាឡាំពួរ៖ ក្រុមហ៊ុន Microsoft នៅថ្ងៃព្រហស្បតិ៍នេះ បានសន្យាថា នឹងបោះទុនការវិនិយោគចំនួន ២.២ពាន់លានដុល្លារ នៅក្នុងផ្នែកបញ្ញាសិប្បនិម្មិត AI និង Cloud computing នៅម៉ាឡេស៊ី ដើម្បីជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ AI របស់ប្រទេសអាស៊ីនេះ។

នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Microsoft លោក Satya Nadella កំពុងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចំនួន៣ នៅអាស៊ីអាគ្នេយ៍ ក្នុងនោះរួមមានឥណ្ឌូនេស៊ី ថៃ និងម៉ាឡេស៊ី ដើម្បីប្រកាសអំពីការវិនិយោគដ៏ធំសម្បើមទៅក្នុងមជ្ឈមណ្ឌលទិន្នន័យ AI និងសេវាកម្ម Cloud។

លោក Nadella បានបញ្ជាក់ពីទីក្រុងគូឡាឡាំពួរថា ថ្ងៃនេះ Microsoft សូមប្រកាសថា ខ្លួននឹងវិនិយោគជាង ២.២ពាន់លានដុល្លារក្នុងរយៈពេល ៤ឆ្នាំខាងមុខ ដើម្បីគាំទ្រដល់ការផ្លាស់ប្តូរឌីជីថលរបស់ប្រទេសម៉ាឡេស៊ី ដែលនេះជាការវិនិយោគដ៏ធំបំផុតតែមួយគត់ ក្នុងប្រវត្តិសាស្រ្តរយៈពេល ៣២ឆ្នាំរបស់ខ្លួន។

លោក Nadella បន្ថែមថា ការវិនិយោគនេះ នឹងជួយកសាងហេដ្ឋារចនាសម្ព័ន្ធ AI និងCloud នៅក្នុងប្រទេសម៉ាឡេស៊ី, បង្កើតមជ្ឈមណ្ឌល AI ដ៏ល្អឥតខ្ចោះ និងផ្តល់ការបណ្តុះបណ្តាល AI ដល់ប្រជាជនម៉ាឡេស៊ីរហូតដល់ ២០ម៉ឺននាក់។

ការសន្យាបែបនេះរបស់លោក Nadella កើតឡើងបន្ទាប់ពីរូបលោកបានប្រកាសពីការវិនិយោគរហូតដល់ ១.៧ពាន់លានដុល្លារនៅក្នុងប្រទេសឥណ្ឌូនេស៊ី និងបង្កើតតំបន់មជ្ឈមណ្ឌលទិន្នន័យដំបូងគេនៅក្នុងប្រទេសថៃ ក្នុងសប្តាហ៍នេះ ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធ Cloud និងបញ្ញាសិប្បនិម្មិត AI៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner