តៃវ៉ាន់ចាយជាង ៨០០លានដុល្លារ ស្តារការខូចខាតក្រោយគ្រោះរញ្ជួយដី
តៃប៉ិ៖ រដ្ឋាភិបាលតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍នេះ បានអនុម័តថវិកាប្រមាណ ៨៧៨លានដុល្លារ សម្រាប់ជាជំនួយបន្ទាន់ ដោះស្រាយគ្រោះរញ្ជួយដីកម្រិតធ្ងន់កាលពីខែមុន ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៧នាក់ ព្រមទាំងបង្កការខូចខាតអគារ និងហេដ្ឋារចនាសម្ព័ន្ធ។
គណៈរដ្ឋមន្ត្រីតៃវ៉ាន់បានប្រកាសថា ខ្លួននឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីសាងសង់ផ្ទះជូនប្រជាជន និងធ្វើឱ្យអាជីវកម្មរងផលប៉ះពាល់រស់រានមានជីវិតឡើងវិញ ជាមួយនឹងថវិកាសង្គ្រោះ ៨៧៨លានដុល្លារ។ គណៈរដ្ឋមន្ត្រីតៃវ៉ាន់បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅពេលអនាគត រដ្ឋាភិបាលកណ្តាល និងមូលដ្ឋាន នឹងធ្វើការរួមគ្នា ដើម្បីធានាថា ប្រជាជនទទួលបានជំនួយលឿនបំផុត គ្រប់គ្រាន់ និងទាន់ពេលវេលា។

ការអនុម័តកញ្ចប់ជំនួយនេះ កើតឡើងបន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៤រ៉ិចទ័រ បានវាយប្រហារកោះតៃវ៉ាន់កាលពីថ្ងៃទី៣ ខែមេសា ធ្វើឱ្យមនុស្ស ១៧នាក់ស្លាប់ និងជាង ១,១០០នាក់រងរបួស។ គ្រោះរញ្ជួយដីនេះដែរ ក៏បានបណ្តាលឱ្យមានការរអិលបាក់ដីដ៏ធំ ដែលបានបិទផ្លូវរូងក្រោមដី បំផ្លាញផ្លូវថ្នល់ និងអគារ ក៏ដូចជាបង្កការខូចខាតដល់វិស័យទេសចរណ៍ និងអាជីវកម្មនៅក្នុងទីក្រុង Hualien ភាគខាងកើត។
គ្រោះរញ្ជួយដីនេះទៀតសោត បានកើតឡើងប៉ុន្មានសប្តាហ៍មុនពេលដែលប្រធានាធិបតីតៃវ៉ាន់ លោក Lai Ching-te ចូលកាន់តំណែងនៅថ្ងៃទី២០ ខែឧសភា បន្ទាប់ពីបានឈ្នះការបោះឆ្នោតប្រធានាធិបតីកាលពីខែមករា។ វាជាគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរបំផុតនៅតៃវ៉ាន់ បន្ទាប់ពីគ្រោះរញ្ជួយកម្រិត ៧.៦រ៉ិចទ័រកាលពីឆ្នាំ១៩៩៩ បណ្តាលឱ្យមនុស្សប្រហែល ២,៤០០នាក់បានស្លាប់ ដែលធ្វើឱ្យវាក្លាយជាគ្រោះមហន្តរាយធម្មជាតិដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្រកោះនេះ៕




ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា