ត្រឹម៣ខែ ក្រុមហ៊ុនដឹកជញ្ជូនដ៏ធំរបស់ដាណាម៉ាក ខាតប្រាក់ចំណេញរហូតដល់ ១៣ដង
កូប៉ិនហាក៖ ក្រុមហ៊ុន Maersk នៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ពីប្រាក់ចំណេញសុទ្ធចំនួន ១៧៧លានដុល្លារ ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំនេះ ធ្លាក់ចុះ ១៣ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារការវាយប្រហាររបស់ពួកឧទ្ទាមយេម៉ែន រំខានដល់ផ្លូវសមុទ្រក្រហមដ៏សំខាន់។
ក្រុមហ៊ុនដឹកជញ្ជូនដ៏ធំរបស់ដាណឺម៉ាកមួយនេះ នៅថ្ងៃព្រហស្បតិ៍ដដែល ក៏បានរាយការណ៍ពីប្រាក់ចំណូលចំនួន ១២.៤ពាន់លានដុល្លារ ធ្លាក់ចុះចំនួន ១៣ភាគរយផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Maersk បានបង្ហាញពីទស្សនវិស័យរបស់ខ្លួនពេញមួយឆ្នាំ ដោយលើកឡើងពីតម្រូវការផ្នែកដឹកជញ្ជូនខ្ពស់ និងការកើនឡើងថ្លៃដើម ដោយសារតែការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់នៅច្រកសមុទ្រក្រហម។ ផ្លូវទឹកនៅសមុទ្រក្រហមនេះ បានរ៉ាប់រងការដឹកជញ្ជូនតាមកប៉ាល់រហូតដល់ ១២ភាគរយ នៃពាណិជ្ជកម្មពិភពលោក។
ក្រុមហ៊ុន Maersk ក៏បានរំពឹងផងដែរថា ប្រាក់ចំណេញស្នូលរបស់ខ្លួន នឹងមានចន្លោះពី ៤ពាន់លានដុល្លារ ទៅ ៦ពាន់លានដុល្លារ ពោលខ្ពស់ជាងការព្យាករណ៍កាលពីមុន ដែលនឹងកើនឡើងពី ១ពាន់លានដុល្លារ ទៅ ៦ពាន់លានដុល្លារ៕





ប្រភព: AFP ប្រែសម្រួលដោយ: ឈឹម ទីណា