សម្ដេចតេជោ ហ៊ុន សែន ចង់ឱ្យរោងចក្រនៅកម្ពុជា ផលិតបម្រើទីផ្សារនៅកម្ពុជាផង និងនាំចេញបំពេញទីផ្សារខាងក្រៅផង

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញចំណាប់អារម្មណ៍ដោយចង់ឱ្យរោងចក្រនៅកម្ពុជា ផលិតបម្រើទីផ្សារនៅកម្ពុជាផង និងនាំចេញបំពេញទីផ្សារខាងក្រៅផង ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា បានមានប្រសាសន៍ដូច្នេះ ក្នុងឱកាសអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ គ្រុប (Toyota Tsusho Corporation) ដឹកនាំដោយលោក ICHIRO KASHITANI ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ និង ឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង (ខេមបូឌា) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ។

សម្ដេចតេជោ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ ដែលបានធ្វើទស្សនកិច្ចនៅកម្ពុជាដើម្បីចូលរួមក្នុងពិធីសម្ពោធបើកដំណើរការរោងចក្រ តម្លើងរថយន្ត Toyota នៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ភ្នំពេញ កាលពីថ្ងៃទី២ឧសភា ។

សម្តេចក៏បានតាមដានការផ្សាយបន្តផ្ទាល់ការសម្ពោធក្រុមហ៊ុន Toyota ដោយសម្តេចបានចាត់ទុកថា វាគឺជាសមិទ្ធផលមួយដែលកម្ពុជាទទួលបាន បន្ទាប់ពីមានការផ្លាស់ប្តូរថ្នាក់ដឹកនាំពីជំនាន់ចាស់ ទៅជំនាន់ថ្មី ដែលបានប្រព្រឹត្តទៅត្រឹមត្រូវ ហើយមិនមានចលាចល ឬការប្រែប្រួល ផ្ទុយទៅវិញ គឺមានដំណើរការអភិវឌ្ឍស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ចនៅដំណើរការល្អប្រសើរ ហើយការបើកសម្ពោធរោងចក្រតូយ៉ូតានេះ ជាភស្តុតាងស្រាប់ ។

សម្ដេចតេជោមានប្រសាសន៍ថា នេះជាលើកទី១ ដែលសម្ដេច បានទទួលគណៈប្រតិភូក្រុមហ៊ុនបរទេសទី១ នៅវិមានព្រឹទ្ធសភា សម្ដេច ថា អគារនេះ ត្រូវបានសាងសង់ឡើងដោយព្រះករុណា សម្តេចព្រះនរោត្តម សីហនុ នៅពេលដែលព្រះអង្គជាប្រមុខរដ្ឋ ហើយអគារនេះ នឹងត្រូវរក្សាទុកជាប្រវត្តិសាស្ត្រ ដោយពុំមានការរុះរើ ឬកែប្រែអ្វីទៅជាទំនើបឡើយ ។

លោក ICHIRO បានសម្ដែងការគោរព និងអរគុណចំពោះសម្ដេចតេជោ ប្រធានព្រឹទ្ធសភា ដែលបានទទួលគណៈប្រតិភូរបស់លោក ហើយលោកបានសម្តែងការរីករាយណាស់ និងរំភើបដែលសម្តេចមានប្រសាសន៍ប្រាប់ថា គណៈប្រតិភូរបស់លោក គឺជាភ្ញៀវក្រុមហ៊ុនបរទេសទី១ ដែលបានចូលជួបសម្តែងការគួរសមនៅទីនេះ ហើយលោក បានបញ្ជាក់ថា នេះគឺជាកិត្តិយសខ្លាំងណាស់ដែលសម្តេចធិបតី នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធបើកឲ្យដំណើរការក្រុមហ៊ុនតូយ៉ូតា ។

លោក ប្ដេជ្ញាថា នឹងខិតខំប្រឹងប្រែងអនុវត្តតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ក៏ដូចជាសម្ដេចធិបតី នាយករដ្ឋមន្ត្រី ហើយនឹងខិតខំដំណើរការរោងចក្រនេះ ឱ្យប្រកបដោយជោគជ័យ ។ ជាមួយគ្នានេះដែរ លោកក៏បានជម្រាបជូនសម្ដេចពីប្រវត្តិរបស់ក្រុមហ៊ុន Toyota ដែលបានចូលមកកម្ពុជា តាំងពីឆ្នាំ១៩៩១ ដោយមានជាដំណាក់កាល៖ ឆ្នាំ១៩៩៣ បានបង្កើតឈ្មោះ T.TH.K ទទួលសិទ្ធជាកន្លែងផ្តល់សេវាកម្មតូយ៉ូតា បង្កើត ការិយាល័យ តូយ៉ូតា ស៊ុយស៊ូ នៅក្រុងភ្នំពេញ, ឆ្នាំ២០០៩ បង្កើត តូយ៉ូតា (ខេមបូឌា) ឯ.ក ទទួលសិទ្ធជាអ្នកចែកចាយរថយន្តតូយ៉ូតា, ឆ្នាំ២០១៤ បង្កើត តូយ៉ូតា ស៊ុយស៊ូ ហ្វានែន (ខេមបូឌា) ឯ.ក, ឆ្នាំ២០១៦ បង្កើតសួនឧស្សាហ៍កម្មប៉ោយប៉ែត ជាផ្នែកមួយនៃវិស័យឧស្សាហ៍កម្ម, ឆ្នាំ២០២២ បង្កើតរោងចក្រដំឡើងរថយន្ត តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង (ខេមបូឌា) ឯ.ក ហើយឆ្នាំនេះ ជាឆ្នាំខួបទី៣១ របស់ក្រុមហ៊ុន ក្នុងការចាប់ផ្ដើមអាជីវកម្មក្នុងប្រទេសកម្ពុជា ហើយលោកបានសង្កេតឃើញថា កម្ពុជា បានសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោមដំបូលសន្តិភាព ។

គណៈប្រតិភូក៏បានគោរពរាយការណ៍ជូនសម្តេច អំពីតួនាទី និងការទទួលខុសត្រូវ ខុសគ្នាៗរៀងខ្លួន ដោយសារនៅក្នុងក្រុមហ៊ុន គឺមានផ្នែកផ្សេងៗគ្នាជាច្រើន ដូចជា៖ ផ្នែកហិរញ្ញវត្ថុ ផ្គត់ផ្គង់ ការផលិតគ្រឿងបង្គុំឧបករណ៍ផ្សេងៗ ហើយបច្ចុប្បន្ន ក៏មានរោងចក្រនៅតំបន់ប៉ោយប៉ែត ស្ថិតនៅក្នុងសួនតេជោ (Techo Park ) ហើយក៏បានទាក់ទាញក្រុមហ៊ុនជប៉ុនជាច្រើនបន្ថែមទៀតវិនិយោគរោងចក្រនៅទីនោះមានដូចជា៖ ក្រុមហ៊ុនយ៉ាសាគី ផលិតភ្លើងបង្គុំ ខួរក្បាលឡានជាដើម ។ លោក ក៏បានរៀបរាប់ពីរោងចក្រនៅភ្នំពេញនេះ ដែលនឹងផលិតរថយន្តមានដូចជា Toyota Hilux និង Toyota Fortuner ដោយមានកម្មករប្រមាណ១៥០នាក់ ។

លោក ឧកញ៉ា គង់ នួន បានថ្លែងអំណរគុណសម្តេច និងបានជម្រាបជូនសម្ដេចតេជោថា ការសម្ពោធរោងចក្រឲ្យដំណើរការដំឡើងរថយន្តនេះ គឺជាមោទនភាពមួយទៀតសម្រាប់កម្ពុជា ពីព្រោះដោយសាររថយន្តផលិតនៅកម្ពុជានេះ គឺនឹងដាក់លេខកូដនៅលើស៉ាក់ស៊ី បញ្ជាក់ថា ផលិតនៅកម្ពុជា ។

សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានរំឭកពីប្រវត្តិល្បីល្បាញរបស់ក្រុមហ៊ុនតូយ៉ូតាដែលមានវត្តមាននៅកម្ពុជា ហើយប្រជាពលរដ្ឋកម្ពុជា គាំទ្រខ្លាំងជាយូរមកហើយ ហើយនៅពេលដែលសម្ដេចបានចូលមកដល់ភ្នំពេញដំបូង គឺអត់ឃើញមានសេសសល់រថយន្ត Toyota ទេ គឺសេសសល់ តែសំបកតួរថយន្ត ដែលប៉ុលពតបានដោះម៉ាស៊ីនរថយន្ត ទៅធ្វើជាម៉ាស៊ីនបូមទឹក ទុកតែសម្បករថយន្ត ហើយក្រោយមក ក្រុមហ៊ុនជប៉ុន បានប្រមូលទិញដែករបស់រថយន្តនោះយកទៅកែច្នៃ ។

ពេលដំបូងមក កម្ពុជាយើងប្រើតែរថយន្តរបស់រុស្ស៊ីទេ គឺមានដូចជា៖ មូស្កូវិច ឡាដា វ៉ុលកា ។ សម្តេច ថា នៅក្នុងឱកាសខួប១០ឆ្នាំនៃការរំដោះប្រទេសពីរបបខ្មែរក្រហម ពេលនោះ រដ្ឋាភិបាលបានបញ្ជាទិញរថយន្ត Toyota ដំបូង គឺ ១២គ្រឿង ដើម្បីទុកទទួលភ្ញៀវបរទេសដែលអញ្ជើញមកចូលរួមរំលឹកខួបដប់ឆ្នាំនៃការរំដោះកម្ពុជាចេញពីរបបខ្មែរក្រហម ក្រោយការប្រារព្ធពិធីនោះ រថយន្តទាំង១២គ្រឿងនេះ ត្រូវបានចែកចាយជូនទៅដល់ថ្នាក់ដឹកនាំរបស់កម្ពុជា ជំនាន់នោះប្រើប្រាស់ ។

សម្ដេចតេជោ បានបន្តថា ដំបូង កម្ពុជា ពុំមានរថយន្តទេ ប៉ុន្តែបច្ចុប្បន្ននេះ គឺមានរថយន្តជាង១លានគ្រឿង និងម៉ូតូជាង ៥លានគ្រឿង ហើយបង្កការកកស្ទះចរាចរណ៍ ទោះជារាជរដ្ឋាភិបាល ខិតខំកសាង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ក៏ដោយ។ សម្តេច បានសម្ដែងការរីករាយយ៉ាងខ្លាំង ដែលកម្ពុជាមានរោងចក្រដំឡើងរថយន្ត និងបានរៀបរាប់ត្រួសៗ នូវការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការប្ដូរថ្នាក់ដឹកនាំជំនាន់ចាស់ទៅជំនាន់ថ្មី ទោះជាសុខភាពរបស់សម្ដេច នៅតែអាចធ្វើជានាយករដ្ឋមន្ត្រីក៏ដោយ ប៉ុន្តែដើម្បីស្ថិរភាព សន្តិភាព និងការអភិវឌ្ឍសម្រាប់ប្រជាជនយូរអង្វែង គឺសម្ដេចត្រូវធ្វើការលះបង់ដ៏ធំធេងនេះ ។ សម្តេចតេជោបានបន្ថែមទៀតថា រយៈពេល៨ខែកន្លងទៅ រាជរដ្ឋាភិបាល បានដំណើរការទៅរលូន ពុំមានបញ្ហាស្ថិរភាព ឬក៏ប្រែប្រួលណាមួយកើតឡើង ហើយការសម្ពោធបើកឲ្យដំណើរការរោងចក្រដំឡើងរថយន្តរបស់តូយ៉ូតា នាពេលនេះ បានបញ្ជាក់យ៉ាងច្បាស់ពីការរីកចម្រើន បន្ទាប់ពីមានការផ្លាស់ប្តូរថ្នាក់ដឹកនាំជំនាន់ចាស់ មកជំនាន់ថ្មី ។

សម្ដេចតេជោ បានបន្តថា អ្វីៗតែងតែនិយាយពីមរតកតេជោ មរតកនោះ គឺមានសន្តិភាព និងស្ថិរភាពនយោបាយ ដោយសារសម្ដេចតេជោ បានពន្លត់សង្រ្គាម ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រកម្ពុជាជាង៥០០ឆ្នាំ ហើយសុខសន្តិភាពបានបន្តមកតាំងពីឆ្នាំ១៩៩៨មក គឺមានរយៈពេល២៦ឆ្នាំហើយ ។ សម្ដេចតេជោ សូមអោយអ្នកវិនិយោគក្រុមហ៊ុនបរទេស មើលឃើញថា កម្ពុជា គឺមានស្ថិរភាពយូរអង្វែងតទៅទៀត ដោយសារថា គណបក្សប្រជាជននៅតែបន្តដឹកនាំកម្ពុជា កម្ពុជានៅតែបន្តមានសន្តិភាពទៅមុខទៀត ដើម្បីអោយអ្នកវិនិយោគជឿជាក់លើកម្ពុជា ដែលប្រទេសមួយចំនួនក្នុងតំបន់មិនមាន ហើយអ្នកវិនិយោគគួរមកវិនិយោគនៅកម្ពុជា ។

សម្ដេចតេជោ បានស្នើសុំឱ្យក្រុមហ៊ុន ជួយបណ្ដុះបណ្ដាលធនធានមនុស្សលើជំនាញរថយន្ត ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់យុវជនចំនួន១,៥លាននាក់ ដោយមិនបង់ថវិកា និងផ្ដល់ថវិកាឱ្យបន្ថែមទៀតផងដែរ ។ ជាមួយនេះ សម្ដេចតែងរំលឹក មិនថាក្រុមហ៊ុនជប៉ុន កូរ៉េ និងក្រុមហ៊ុនប្រទេសផ្សេងៗ សូមឱ្យប្រើរូបមន្ត ១បូក បើមានរោងចក្រនៅថៃហើយ គួរបង្កើតនៅកម្ពុជា ១ថែមទៀត ដើម្បីបំពេញឱ្យគ្នា ដោយហេតុថា ក្នុងករណីរោងចក្រមួយណា មានបញ្ហាកើតឡើងអាចជំនួសគ្នាបាន ឧទាហរណ៍ជាក់ស្ដែង ក្រុមហ៊ុន Minebear ដែលមាននៅថៃផង និង កម្ពុជាផង តាមរូបមន្ត ១បូក ។ សម្ដេចតេជោ ចង់ឱ្យរោងចក្រនៅកម្ពុជានេះ មិនមែនផលិតសម្រាប់តែទីផ្សារកម្ពុជាទេ គឺចង់អោយផលិតបម្រើទីផ្សារនៅកម្ពុជាផង និងនាំចេញបំពេញទីផ្សារខាងក្រៅផង ។

លោក ICHIRO បានថ្លែងអំណរគុណចំពោះពាក្យពេជន៍ដ៏មានអត្ថន័យរបស់សម្ដេចតេជោ និងបានមានប្រសាសន៍ថា បើពិភពលោកនេះ មានអ្នកដែលមានគំនិតដូចសម្ដេចតេជោ ប្រទេសនានា នឹងមានសុខសន្តិភាព ដូចកម្ពុជា ។ លោកបាន ប្ដេជ្ញា នឹងចូលរួមយ៉ាងសកម្ម អនុវត្តតាមអនុសាសន៍របស់ប្រមុខដឹកនាំកម្ពុជា ចូលរួមជាមួយរាជរដ្ឋាភិបាល បង្កើនការផលិត និងផ្ដល់ការហ្វឹកហ្វឺនជំនាញរថយន្តដល់ប្រជាជនកម្ពុជា ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លិមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner