គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បង្ហាញរបាយការណ៍សង្ខេបស្តីពី ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នាដើមឆ្នាំ២០២៤

(ភ្នំពេញ)៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានធ្វើសន្និសីទសារព័ត៌មាន ស្តីពី «ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នាដើមឆ្នាំ២០២៤ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា» នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានលើកឡើងដោយផ្អែកតាមរយៈរបាយការណ៍សង្ខេបថា តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន កម្ពុជា ទទួលបាននូវសុខសន្តិភាពពេញបរិបូរណ៍ ឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង និងសម្រេចបានសមិទ្ធផលធំៗ លើគ្រប់វិស័យ ទាំងនយោបាយ សេដ្ឋកិច្ច និងសង្គម ជាពិសេសក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សសិទ្ធិមនុស្ស និងនីតិរដ្ឋ។

សិទ្ធិមនុស្សត្រូវបានចែងក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ដែលជាច្បាប់កំពូលរបស់រដ្ឋចាប់ពីមាត្រា៣១ ដល់មាត្រា៥០ ដែលសូម្បីតែទោសប្រហារជីវិតមិនត្រូវមានឡើយ។

ឯកឧត្តម ទេសរដ្ឋមន្ត្រីបានបន្តថា កិច្ចសហការជាមួយយន្តការសិទ្ធិមនុស្សថ្នាក់តំបន់ និងអន្តរជាតិ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញឆន្ទៈយ៉ាងមុតមាំ ក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស និងកិច្ចសហការអន្តរជាតិយ៉ាងល្អ តាមរយៈការផ្តល់សច្ចាប័ន និងការទទួលយកសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិចំនួន៨ ក្នុងចំណោម៩ ដែលធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសមួយលេចធ្លោ និងឈានមុខគេក្នុងតំបន់ក្នុងនាមជាភាគីសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ ដូចជា ៖ ១៖ អនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍, ២៖ កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌, ៣៖ កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ, ៤៖ អនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រីភេទ, ៥៖ អនុសញ្ញាប្រឆាំងទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬទណ្ឌកម្មឯទៀតដែលឃោរឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាប, ៦៖ អនុសញ្ញាស្តីពីសិទ្ធិកុមារ, ៧៖ អនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព និង៨៖ អនុសញ្ញាអន្តរជាតិស្តីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ ។

ឯកឧត្តម កែវ រ៉េមី បានលើកឡើងថា សន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសិទ្ធិមនុស្ស និងការរស់នៅប្រកបដោយសុខដុមរមនារបស់ប្រជាពលរដ្ឋ ត្រូវបានការពារយ៉ាងខ្លាំងក្លាពីកម្លាំងជាតិទាំងមូល ដែលរួបរួមគ្នាជុំវិញរាជរដ្ឋាភិបាល។ ជារួម កម្ពុជា នៅតែបន្តការយកចិត្តទុកដាក់ក្នុងការគោរព ការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស ស្របតាមបរិបទនៃសង្គមខ្មែរ តាមរយៈការគោរពប្រតិបត្តិតាមគោលការណ៍សិទ្ធិមនុស្សដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា ការបន្តអនុវត្តសន្ធិសញ្ញា អនុសញ្ញា និងកតិកាសិទ្ធិមនុស្សអន្តរជាតិ ដែលកម្ពុជា ជារដ្ឋភាគី ព្រមទាំងការបន្តចូលរួមយ៉ាងសកម្មនិងប្រកបដោយអត្ថន័យក្នុងយន្តការសិទ្ធិមនុស្សនានា ទាំងថ្នាក់តំបន់ និងអន្តរជាតិ ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ ហេង សម្បត្តិ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner