សម្តេចធិបតី ហ៊ុន ម៉ាណែត សរសើរអ្នកសារព័ត៌មាន ក្នុងការនាំយកព័ត៌មានពីរដ្ឋទៅកាន់ប្រជាជននិងពីប្រជាជនមករដ្ឋវិញ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអរគុណចំពោះអ្នកសារព័ត៌មានទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវវិជ្ជាជីវៈខ្ពស់ ក្នុងការនាំយកព័ត៌មានពីរាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ និងនាំយកព័ត៌មានពីប្រជាពលរដ្ឋមករាជរដ្ឋាភិបាល ដើម្បីជាប្រយោជន៍សង្គម សុខដុមរមនា និងចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។

ថ្លែងក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៦ ឆ្នាំ២០២៤ នារសៀលថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងកោតសរសើរចំពោះក្រសួងព័ត៌មាន ដែលបានរៀបចំ និងបោះពុម្ពផ្សាយ របាយការណ៍ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាដែលនេះជាលើកទី១ ដែលក្រសួងរៀបចំឡើង ឈរលើមូលដ្ឋាននៃស្ថានភាពពិតជាក់ស្ដែង និងមានសាក្សីដែលជាអ្នកសារព័ត៌មាន កំពុងប្រកបអាជីពវិជ្ជាជីវៈ ។

សម្តេចធិបតី បានបន្តថា រយៈពេលជាង ៤៥ឆ្នាំកន្លងមក ព័ត៌មានស្ដីពីសមិទ្ធផល និងស្នាដៃនានា របស់រាជរដ្ឋាភិបាល ត្រូវបានចែករំលែក ផ្សព្វផ្សាយតាមគ្រប់រូបភាពបានឆាប់រហ័សទាន់សភាពការណ៍ និងទូលំទូលាយ ទាំងនៅក្នុងក្របខណ្ឌជាតិ អន្តរជាតិ ដើម្បីស្វែងយល់កាន់តែច្បាស់ពីកម្ពុជា ។

សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សកម្មភាពទាំងនេះ សុទ្ធតែមានការចូលរួមដែលមិនអាចខ្វះបានពីស្ថាប័នសារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មាន ដែលបានខិតខំពុះពារ ជំនះរាល់ឧបសគ្គ ក្នុងការចុះយកព័ត៌មាន ដើម្បីផ្សព្វផ្សាយបានរហ័ស ទាន់សភាពការណ៍ និងទូលំទូលាយ អំពីសភាពការណ៍ពិតនៅកម្ពុជា ជាពិសេស ព្រឹត្តិការណ៍ធំៗជាប្រវត្តិសាស្ត្រ នាពេលកន្លងមកដូចជា៖ កិច្ចប្រជុំ កំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រឹត្តិការណ៍នៃការបោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត នីតិកាលទី៧ ឆ្នាំ២០២៣ ការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នាពេលកន្លងមក ៕
ដោយ:វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner