សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើអ្នកព័ត៌មានទាំងអស់ ត្រូវធ្វើជាអ្នកផ្តល់ព័ត៌មាន និងសូមកុំដើរតួជាតុលាការ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើទៅអ្នកព័ត៌មានទាំងអស់ ត្រូវព្យាយាមធ្វើជាអ្នកផ្តល់ព័ត៌មាន និងសូមកុំដើរតួជាតុលាការ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៦ ឆ្នាំ២០២៤ នារសៀលថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដោយលើកទឹកចិត្ត និងសំណូមពរដល់អ្នកព័ត៌មានទាំងអស់សូមផ្សាយព័ត៌មានពិត គ្រប់ជ្រុងជ្រោយ ក៉ំព្យាយាមធ្វើតុលាការ វិនិច្ឆ័យដោយខ្លួនឯង ។ សម្តេចបានសូមឱ្យអ្នកព័ត៌មាន ផ្សាយដោយវិជ្ជាជីវៈ សូមព្យាយាមរកប្រភពឲ្យបាគ្រប់ជ្រុងជ្រោយ ។រកការពិត។
សម្តេចធិបតី បានបញ្ជាក់ថា ប្រសិនបើអ្នកព័ត៌មានផ្សាយពីបញ្ហាដែលកើតឡើងហើយ សូមបន្តផ្សាយបន្ថែមទៀត ពេលដែលបញ្ហានោះបានដោះស្រាយរួចហើយ កុំផ្សាយតែបញ្ហា តែមិនផ្សាយពីលទ្ធផលដែលបានដោះស្រាយរួច ។

សម្តេច បានបញ្ជាក់ថា សារព័ត៌មាន គឺជាអំណាចទី៤ ដែលអំណាចនេះ ប្រើប្រាស់ត្រូវ គឺមានសារៈសំខាន់ណាស់សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ សម្រាប់ថែរក្សាសន្តិភាព ស្ថិរភាព និងសម្រាប់ផ្ដល់ថាមពលឱ្យប្រជាជនយើង ធ្វើការសម្រេចចិត្ត ក៏ដូចជារាជរដ្ឋាភិបាលក្នុងការដាក់ចេញវិធានឱ្យមានប្រសិទ្ធភាព។ សារព័ត៌មាន ដើរតួនាទីសំខាន់នៅក្នុងការផ្សព្វផ្សាយព័ត៌មានពិតជូនដល់សាធារណជន ហើយដើម្បីឱ្យសារព័ត៌មានកាន់តែមានគុណភាព អ្នកសារព័ត៌មាន ត្រូវឈរលើគោលការណ៍ជាមូលដ្ឋាន នៃការគោរព ក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន ៕
ដោយ:វណ្ណលុក