រុស្ស៊ីបាញ់ទម្លាក់មីស៊ីលអាមេរិកឱ្យអ៊ុយក្រែនចំនួន ៤គ្រាប់
មូស្គូ៖ រុស្ស៊ីកាលពីថ្ងៃសៅរ៍បាននិយាយថា ខ្លួនបានបាញ់ទម្លាក់មីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS ចំនួន ៤គ្រាប់ នៅឯឧបទ្វីបគ្រីមៀ ដែលកាន់កាប់ដោយទីក្រុងមូស្គូ។ មីស៊ីលនេះ ផលិតដោយសហរដ្ឋអាមេរិក ហើយទើបផ្គត់ផ្គង់ទៅឱ្យអ៊ុយក្រែន។
ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា ខ្លួនបានរារាំងការវាយប្រហារដោយមីស៊ីលនៅពេលយប់ ប៉ុន្តែមិនបានបញ្ជាក់ថាតើកំទេចកំទីដែលបានធ្លាក់នោះ បានបង្កការខូចខាតអ្វីនោះទេ។ កាលពីខែមេសា សហរដ្ឋអាមេរិកបានអះអាងថា ខ្លួនបានបញ្ជូនមីស៊ីលទាំងនេះទៅកាន់ប្រទេសអ៊ុយក្រែន។
អ៊ុយក្រែនបានប្រើប្រាស់មីស៊ីល ATACMS របស់សហរដ្ឋអាមេរិកប្រឆាំងនឹងរុស្ស៊ីជាលើកដំបូងនៅក្នុងខែតុលា ប៉ុន្តែមីស៊ីលដែលបានផ្គត់ផ្គង់នាពេលថ្មីៗនេះ មានរយៈចម្ងាយកាន់តែឆ្ងាយរហូតដល់ ៣០០គីឡូម៉ែត្រ។ រុស្ស៊ីបានអះអាងថា មីស៊ីលទាំងនេះ នឹងមិនអាចបញ្ឈប់ជម្លោះបាននោះទេ។
ការប្រកាសរបស់រុស្ស៊ីខាងលើនេះ កើតឡើងបន្ទាប់ពីក្រសួងការបរទេសអាមេរិក នាពេលថ្មីៗនេះ បានចោទប្រកាន់រុស្ស៉ីថា បានប្រើប្រាស់អាវុធគីមីប្រឆាំងនឹងកងកម្លាំងអ៊ុយក្រែន ដោយបំពានលើអនុសញ្ញាស្ដីពីការហាមឃាត់ការប្រើប្រាស់អាវុធគីមី ហើយក៏បានប្រកាសដាក់ទណ្ឌកម្មថ្មីៗប្រឆាំងទីក្រុងមូស្គូផងដែរ៕ ប្រភព: AFP ប្រែសម្រួលដោយ: ឈឹម ទីណា