ព្យុះស៊ីក្លូនត្រូពិចបង្កទឹកជំនន់ជន់លិចកេនយ៉ា និងតង់ហ្សានី
ណៃរ៉ូប៊ី៖ តំបន់ឆ្នេរនៃប្រទេសកេនយ៉ា និងតង់ហ្សានី បានរងផលប៉ះពាល់ពីភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំង បណ្តាលមកពីព្យុះស៊ីក្លូនត្រូពិចកាលពីថ្ងៃសៅរ៍ បន្ថែមពីលើភាពចលាចលក្នុងតំបន់នេះ បន្ទាប់ពីទទួលរងការវាយប្រហារពីទឹកជំនន់ដ៏អាក្រក់នាពេលថ្មីៗ។
គិតមកទល់ពេលនេះ មនុស្សជាង ៤០០នាក់បានស្លាប់នៅទូទាំងទ្វីបអាហ្រ្វិកខាងកើត ហើយរាប់ម៉ឺននាក់ផ្សេងទៀតបង្ខំចិត្តភៀសចេញពីផ្ទះសម្បែងរបស់ពួកគេក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយសារភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់ និងការរអិលបាក់ដី ដែលបានលេបត្របាក់ផ្ទះ ផ្លូវថ្នល់ និងស្ពានអស់ជាច្រើន។ នាយកដ្ឋានឧតុនិយមកេនយ៉ាបានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ឥទ្ធិពលនៃព្យុះស៊ីក្លូនត្រូពិក Hidaya កំពុងបក់បោកនៅឯនាយសមុទ្រ ដោយពាំនាំមកនូវខ្យល់បក់ខ្លាំងជាង ៧៤គីឡូម៉ែត្រក្នុងមួយម៉ោង និងរលកកម្ពស់ជាង ២ម៉ែត្រ។
នាយកដ្ឋាននេះបន្តថា ភ្លៀងធ្លាក់ខ្លាំងនៅតាមឆ្នេរសមុទ្រ នៃមហាសមុទ្រឥណ្ឌា ត្រូវបានគេរំពឹងថា នឹងកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃ គិតចាប់ពីថ្ងៃអាទិត្យចុងសប្តាហ៍នេះ។ ព្យុះស៊ីក្លូនត្រូពិក Hidaya ក៏បានបោកបក់លើឆ្នេរសមុទ្រនៃប្រទេសតង់ហ្សានីផងដែរ។ បើតាមអាជ្ញាធរឧតុនិយមតង់ហ្សានី មានខ្យល់បក់បោកខ្លាំង និងភ្លៀងធ្លាក់ខ្លាំងនៅតាមឆ្នេរសមុទ្រពេញមួយយប់។
នៅក្នុងតំបន់ Mtwara ទឹកភ្លៀងមានកម្ពស់ ៧៥.៥មីលីម៉ែត្រ ត្រូវបានរាយការណ៍ក្នុងរយៈពេល ១២ម៉ោង បើធៀបនឹងទឹកភ្លៀងជាមធ្យមក្នុងខែឧសភា មានកម្ពស់ ៥៤មីលីម៉ែត្រ។ ទន្ទឹមគ្នា ទីភ្នាក់ងារតង់ហ្សានីបានណែនាំប្រជាជនដែលរស់នៅក្នុងតំបន់ ដែលងាយប្រឈមនឹងហានិភ័យ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត។
មជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុ និងកម្មវិធីសម្រាប់ប្លុកពាណិជ្ជកម្មអាហ្រ្វិកខាងកើត (IGAD) បានបញ្ជាក់កាលពីថ្ងៃសុក្រថា ព្យុះស៊ីក្លូន Hidaya នឹងឡើងដល់កំពូលក្នុងល្បឿន ១៦៥គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលដែលវាវាយប្រហារដីគោក។ រដូវព្យុះស៊ីក្លូននៅមហាសមុទ្រឥណ្ឌាភាគនិរតី ជាធម្មតាមានរយៈពេលពីខែវិច្ឆិកា ដល់ខែមេសា ហើយមានព្យុះរាប់សិបក្នុងមួយឆ្នាំៗ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា


