រលកកំដៅប៉ះពាល់ដល់ទិន្នផលទុរេននៅថៃ
បាងកក៖ រលកកំដៅដ៏ក្តៅដែលកំពុងវាយលុកតំបន់អាស៊ីអាគ្នេយ៍ បានបណ្តាលឱ្យទិន្នផលទុរេនរបស់ប្រទេសថៃធ្លាក់ចុះ តែការចំណាយកើនឡើង ដោយអ្នកដាំដុះ និងអ្នកលក់មានការព្រួយបារម្ភកាន់តែខ្លាំងឡើង ខណៈដែលកំដៅផែនដីធ្វើឱ្យខូចខាតដល់ឧស្សាហកម្មនេះ។
រដូវប្រមូលផលទុរេន ជាធម្មតាមានរយៈពេលពីខែមីនា ដល់ខែមិថុនា ប៉ុន្តែដោយសារសីតុណ្ហភាពកើនឡើងដល់ ៤០អង្សាសេអស់រយៈពេលជាច្រើនសប្តាហ៍ ហើយនឹងគ្រោះរាំងស្ងួតជាបន្តបន្ទាប់បានកាត់បន្ថយការប្រមូលផល។ ការនាំចេញទុរេនរបស់ថៃមានតម្លៃរាប់ពាន់លានដុល្លារ ហើយជាផលិតផលកសិកម្មដ៏មានតម្លៃបំផុតទីបីរបស់ប្រទេសអាស៊ីនេះ បន្ទាប់ពីអង្ករ និងកៅស៊ូ។
ហើយប្រហែល ៩៥ភាគរយនៃការនាំចេញទុរេនរបស់ថៃ គឺទៅកាន់ទីផ្សារប្រទេសចិន មានតម្លៃជិត ៤.៦ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ នេះបើយោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្មចិន។ ប៉ុន្តែការប្រែប្រួលអាកាសធាតុកំពុងគំរាមកំហែងដល់ការគ្រប់គ្រងទិន្នផលទុរេនរបស់ប្រទេសថៃ។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក នៅក្នុងខែឧសភានេះ ប្រទេសចិននាំចូលទុរេនពីប្រទេសវៀតណាមកើនឡើងជិត ៥០ភាគរយ ដោយសារព្រួយបារម្ភពីការកើនឡើងកំដៅ និងគ្រោះរាំងស្ងួតនៅក្នុងប្រទេសថៃ។
ទោះបីជាយ៉ាងណា ថៃ ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២ នៅអាស៊ាន បន្ទាប់ពីឥណ្ឌូនេស៊ី បានកំណត់គោលដៅនាំចេញទុរេនដែលជាស្ដេចផ្លែឈើ ឱ្យបានប្រមាណ ១លានតោន ដែលគិតជាទឹកប្រាក់រហូតដល់ ៣,៥ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក Thai PBS World៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា




