ភ្នាក់ងារឧតុនិយមព្រមានពីអាកាសធាតុក្តៅខ្លាំងវាយប្រហារឥណ្ឌូនេស៊ី
ហ្សាការតា៖ យោងតាមទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្ររបស់ឥណ្ឌូនេស៊ី ហៅកាត់ថា (BMKG) បានឱ្យដឹងនៅថ្ងៃអាទិត្យថា ប្រហែល ៦៣.៦៦ភាគរយនៃតំបន់ទូទាំងប្រទេសឥណ្ឌូនេស៊ី នឹងជួបប្រទះនូវរដូវប្រាំងដ៏ក្តៅគិតចាប់ពីខែឧសភា ដល់ខែសីហា ឆ្នាំ២០២៤។
អនុប្រធានទីភ្នាក់ងារឧតុនិយម BMKG លោក Guswanto បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅពេលដែលខែឧសភាមកដល់ តំបន់មួយចំនួននឹងផ្លាស់ប្តូរទៅជាដើមរដូវប្រាំង ខណៈដែលតំបន់ខ្លះទៀតស្ថិតក្នុងការផ្លាស់ប្តូរអាកាសធាតុ។
ការនេះមានន័យថា ដើមខែឧសភា នឹងនាំមកនូវសីតុណ្ហភាពក្តៅខ្លាំង។ ដោយផ្អែកលើទិន្នន័យរបស់ទីភ្នាក់ងារឧតុនិយម BMKG បានឱ្យដឹងថា សីតុណ្ហភាពលើសពី ៣៦អង្សាសេ ត្រូវបានកត់ត្រានៅក្នុងតំបន់ផ្សេងៗនៃប្រទេសឥណ្ឌូនេស៊ី។
ទោះបីជាតំបន់ខ្លះជួបប្រទះអាកាសធាតុក្តៅក៏ដោយ ក៏លោក Guswanto បានចង្អុលបង្ហាញថា លទ្ធភាពភ្លៀងធ្លាក់ពីមធ្យមទៅច្រើននៅតែមាន នៅក្នុងផ្នែកខ្លះនៃប្រទេសឥណ្ឌូនេស៊ី។
ជាក់ស្តែង កាលពីចុងខែមេសា ឆ្នាំ២០២៤ មានភ្លៀងធ្លាក់ខ្លាំងនៅក្នុងតំបន់ជាច្រើននៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលមានកម្ពស់ទឹករហូតដល់ ៨៣.៨មីលីម៉ែត្រក្នុងមួយថ្ងៃ៕ ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា

