ក្រុមហ៊ុនជីប ម៉ុង ចូលរួមគម្រោង សិក្សាជួសជុល និងកែលម្អរមណីដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ និងអគារប្រវត្តិសាស្ត្រនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
ភ្នំពេញ ៖ ក្រុមហ៊ុនជីប ម៉ុង សហប្រតិបត្តិការសិក្សាលើការជួសជុល និងកែលម្អរមណីដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំឲ្យកាន់តែស្រស់ស្អាត ដែលជាបេះដូងនៃរាជធានីភ្នំពេញ និងកែលម្អអគារសាកលវិទ្យាល័យភូមិន្ទវិចិត្រ ដែលមានអាយុកាលជិត១សតវត្ស តាមរយៈការអនុស្សរណៈនៃការយោគយល់រវាងភាគីក្រុមហ៊ុន និងតំណាងសាកលវិទ្យាល័យ ។
ការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន ជីប ម៉ុង និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនេះ ធ្វើឡើងកាលពីថ្ងៃទី២ កក្កដា ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងក្រុមហ៊ុន ជីប ម៉ុង សាកលវិទ្យាធិការសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាស្ត្រាចារ្យ និងនិស្សិតប្រមាណ២០០នាក់។
បណ្ឌិតអ៊ឹម សុធារិទ្ធ នាយកផ្នែកធនធានមនុស្ស និងទំនាក់ទំនងសាធារណៈ របស់ក្រុមហ៊ុន ជីប ម៉ុង ថ្លែងថា «ក្រុមហ៊ុន ជីប ម៉ុង នឹងផ្តល់ការសហការជួយជួសជុលដំបូលអគារD ដែលជាអគារមានវ័យចំណាស់ ឧបត្ថម្ភផ្សេងៗតាមតម្រូវការរបស់សាកលវិទ្យាល័យ និងតាមលទ្ធភាពក្រុមហ៊ុន ព្រមទាំងអនុញ្ញាតឲ្យនិស្សិតចុះកម្មសិក្សាជាមួយក្រុមហ៊ុន ជីប ម៉ុង»។
លោកបណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការស្តីទីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឲ្យដឹងថា នេះជាសករាជថ្មីមួយរបស់សាកលវិទ្យាល័យភូមិន្ទវិចិត្រ ដែលបានចាប់ដៃគូសហការជាមួយវិស័យឯកជន ជាពិសេសក្រុមហ៊ុន ជីប ម៉ុង ដើម្បីរួមចំណែកអភិរក្ស និងអភិវឌ្ឍមរតកវប្បធម៌ជាតិ៕