កម្ពុជារងឥទ្ធិពលកូនព្យុះទី៤ ម៉ាន់ (MUN) ដែលនាំឲ្យមានភ្លៀង និងខ្យល់បក់ខ្លាំង
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹកនៅថ្ងៃទី៣កក្កដានេះ បានឲ្យដឹងថា វិសម្ពាធទាប ដែលកើតនៅលើភាគខាងកើតកោះហាយណាន់ បានវិវត្តន៍ទៅជាកូនព្យុះទី៤(Tropical Storm) ឈ្មោះ ម៉ាន់(MUN)។ ព្យុះនោះ នឹងបន្តដំណើរឆ្ពោះទៅភាគខាងលើឈូងសមុទ្រតុងកឹង មុននឹងថមថយឥទ្ធិពលជាវិសម្ពាធវិញនៅពេលឡើងលើគោក នៅភាពខាងត្បូងប្រទេសចិននៅវេលាយប់ឆ្លងចូលថ្ងៃទី៥កក្កដា។
ព្យុះនោះ ត្រូវគេជូនដំណឹងថា មិនបក់ចូលប្រទេសកម្ពុជានោះឡើយ ប៉ុន្តែវាមានឥទ្ធិពលធ្វើឲ្យបណ្ដាខេត្តជាប់មាត់សមុទ្រ មានភ្លៀងធ្លាក់ជោគជំ ទាំងលើដី ទាំងលើសមុទ្រ ដោយល្បឿនខ្យល់ខ្លាំង និងរលកសមុទ្រធំៗ។ ចំពោះខេត្តនៅតំបន់ខ្ពង់រាបឦសានខាងកើតជាប់ព្រំដែនប្រទេសវៀតណាម មានភ្លៀងបន្តធ្លាក់ច្រើន។ រីឯបណ្ដាខេត្តភាគកណ្ដាលខាងជើង និងពាយ័ព្យមានភ្លៀងពីតិចទៅបង្គួរ។ ក្រសួងជនធានទឹក ក៏បានអំពាវនាវដល់សាធារណៈជន ត្រូវបន្តមានការប្រុងប្រយត្ន័ខ្ពស់ ចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ជាដើម៕ម.ន