ក្រុមនិស្សិតខ្មែរក្នុងកូរ៉េខាងត្បូងរំពឹងដំណើរទស្សនកិច្ចសម្តេចធិបតីនឹងជួយជំរុញការអភិវឌ្ឍប្រទេសកម្ពុជា (Video Inside)
ក្រុមនិស្សិត និងពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅក្នុងសាធារណរដ្ឋកូរ៉េ បានថ្លែងរំពឹងថា ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ក្នុងរដ្ឋធានីសេអ៊ូល ក្នុងសប្តាហ៍ក្រោយនេះ នឹងផ្តល់ផលប្រយោជន៍ជាច្រើនចំពោះប្រទេសកម្ពុជា។
កម្ពុជានិងកូរ៉េខាងត្បូង មានទំនាក់ទំនងការទូតរវាងគ្នាក្នុងឆ្នាំ១៩៧០ ប៉ុន្តែកាត់ផ្តាច់ដោយរបបដឹកនាំខ្មែរក្រហមឆ្នាំ១៩៧៥។ ចំណងការទូតសាឡើងវិញរវាងប្រទេសទាំង២ បានចាប់ផ្តើមនៅក្នុងឆ្នាំ១៩៩៧។
ដំណើរទស្សនកិច្ចក្នុងក្រុងសេអ៊ូល នាពាក់កណ្តាលខែឧសភានេះ គឺតបតាមការអញ្ជើញរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយុល។
កម្ពុជាក្រោមកិច្ចសហការជាមួយរដ្ឋាភិបាលកូរ៉េខាងត្បូង បានបញ្ជូនពលករខ្មែរ ទៅធ្វើការនៅទីនោះមានចំនួនច្រើនម៉ឹននាក់។ ពលរដ្ឋ និងនិស្សិតខ្មែរនៅក្នុងប្រទេសកូរ៉េខាងត្បូង បានថ្លែងថា គេមានក្តីរំភើបក្នុងការរងចាំទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី និងលោកជំទាវ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់កាលពីខែមីនាថា ក្នុងដំណើរទស្សនកិច្ចជាផ្លូវការក្នុងប្រទេសកូរ៉េខាងត្បូង សម្តេចនឹងជួបជជែកអំពីការជំរុញរកការបណ្តាក់ទុនពីវិនិយោគិនកូរ៉េ មកកាន់ប្រទេសកម្ពុជា។
យោងតាមរបាយការណ៍របស់រាជរដ្ឋាភិបាល ចាប់ពីខែកញ្ញាឆ្នាំ២០២៣ ដល់ខែកុម្ភៈ ឆ្នាំ២០២៤ មានក្រុមហ៊ុនបរទេសសរុបចំនួន ១៧៣ បានវិនិយោគទឹកប្រាក់ ៤ពាន់ ១៥០លានដុល្លារនៅកម្ពុជា។ ការបណ្តាក់ទុនវិនិយោគទាំងនេះ ត្រូវគេរំពឹងថា នឹងបង្កើតការងារសម្រាប់ពលរដ្ឋជាង ១៧ម៉ឺននាក់។