អភិបាលស្រុកប្រាសាទបាគង ចុះបិទការដ្ឋានរណ្តៅដីមួយកន្លែង ដែលគ្មានច្បាប់អនុញ្ញាត ស្ថិតនៅ ភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ដើមី្បអនុវត្តនូវការណែនាំរបស់អាជ្ញាធរខេត្តឲ្យមានប្រសិទ្ធភាព

អត្ថបទដោយ៖
Kien Sereyvuth

នៅរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ មន្ទីររ៉ែ និងថាមពលខេត្តសៀមរាប និង កម្លាំងនគរបាលសេដ្ឋកិច្ចខេត្ត ដឹកនាំដោយលោកមាស ជូរ៉ាវី ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត  ដោយរួមសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកប្រាសាទបាគង ដឹកនាំដោយលោកសូរ ប្លាតុង  អភិបាលស្រុកប្រាសាទបាគង  បានចុះបិទការដ្ឋានរណ្តៅដីមួយកន្លែងដែលគ្មានច្បាប់អនុញ្ញាត ស្ថិតនៅ ភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលមានម្ចាស់ឈ្មោះ ខុន ស្រីលក្ខណ៍  ភេទស្រី អាយុ ៣២ឆ្នាំ  មានលំនៅដ្ឋាននៅក្រុងភ្នំពេញ  តែបច្ចុប្បន្នស្នាក់នៅភូមិរកាកំបុត ឃុំត្រពាំងធំ ស្រុកប្រាសាទបាគងនេះ។ 
តាមការបញ្ជាក់របស់លោកមេភូមិ បានឲ្យដឹងថា ការដ្ឋានជីកដីនេះ បានចាប់ធ្វើអាជីវកម្មជីកដី អស់រយៈពេលជាង៤ខែហើយ តែគាត់ជាអាជ្ញាធរមូលដ្ឋាន បានត្រឹមតែសួរនាំម្ចាស់ការដ្ឋាន ដោយគេឆ្លើយថាមានច្បាប់អនុញ្ញាតធ្វើអាជីវកម្ម ហើយ ក្នុងនោះដែរលោកមេឃុំត្រពាំងធំ ក៏បានឲ្យដឹងដូចលោកប្រធានភូមិផងដែរ ។  តែលោកក៏បានឲ្យដឹងផងដែរថា បើការដ្ឋាននេះមានច្បាប់នោះ តើម្ចាស់ការដ្ឋានគាត់ធ្វើទៅតាមរយៈណា បែជាអាជ្ញាធរមូលដ្ឋានមិនដឹង ព្រមទាំងបានចុះ មកសួរនាំជាច្រើនលើកផងដែរ ។ 
លោក សូរ ប្លាតុង ក៏បានឲ្យដឹងផងដែរថា ការដ្ឋានមួយនេះ គឺមិនបានធ្វើការសុំច្បាប់អនុញ្ញាត ពី អាជ្ញាធរ ឬ មន្ទីរជំនាញណាមួយឡើយ គឺគាត់ធ្វើទៅដោយមិនញញើតច្បាប់ឡើយ ។ លោកបានបន្តទៀតថា ក្នុងរយៈពេលកន្លងមក ស្រុកបានឲ្យមន្ត្រីជំនាញ ចុះមកធ្វើការផ្អាកមិនឲ្យធ្វើអាជីវកម្មជីកដីដោយខុសច្បាប់ ចំនួន២ដងរួចមកហើយ ដើមី្បឲ្យម្ចាស់ការដ្ឋានទៅធ្វើច្បាប់ទន្លាប់ឲ្យបានត្រឹមត្រូវផងដែរ ។ តែបែជាម្ចាស់ការដ្ឋាននេះ មិនគោរពការហាមឃាត់របស់មន្ត្រីជំនាញ ថែមទាំងបន្តធ្វើការជីកកកាយដីទៅតាមតែអំពើចិត្តរបស់ខ្លួន ។
លោក មាស ជូរ៉ានី  ក៏បានធ្វើការណែនាំមួយចំនួន ដោយបានគូសបញ្ជាក់ថា មន្ទីរ មានបំណងឲ្យការធ្វើអាជីវកម្មធនធានរ៉ែទាំងអស់ត្រូវមានច្បាប់ត្រឹមត្រូវ និង ត្រូវអនុវត្តតាមលក្ខខ័ណ្ឌអាជ្ញាបណ្ណ ឲ្យខានតែបាន និង បញ្ឈប់រាល់ការអនុវត្តខុសច្បាប់ បើនៅតែអនុវត្តខុស គឺត្រូវទទួលកំហុសចំពោះមុនច្បាប់ជាធរមាន ។  ក្នុង នោះដែរលោកក៏បានឲ្យដឹងថា ការដ្ឋានរណ្តៅដីស្ថិតនៅក្នុងស្រុងប្រាសាទបាគងមានចំនួន៤កន្លែង តែមានច្បាប់អនុញ្ញាតតែ ៣រណ្តៅទេ ហើយក៏បានកំពុងធ្វើអាជីវកម្មតែ១រណ្តៅប៉ុណ្ណោះ តែចំពោះការដ្ឋានរណ្តៅដី ដែលមានម្ចាស់ឈ្មោះខុន ស្រីលក្ខណ៍  គឺមិនមានច្បាប់អនុញ្ញាតនោះឡើយ  ។  លោកក៏បានឲ្យដឹងទៀតថា  ក្នុងការចុះត្រួតពិនិត្យការដ្ឋាននេះក្រុម ការងារបានពិនិត្យលើបច្ចេកទេសក្នុងការជីករណ្តៅដី ដែលមានផ្ទៃដីទំហំ១២ពាន់១២ម៉ែត្រក្រឡា ដែលមាន២ជម្រៅ មានផ្ទៃដីទំហំ ៣ពាន់៦២ម៉ែត្រក្រឡា គុណជម្រៅ ៤ម៉ែត្រ និង ផ្ទៃដីទំហំ ៨ពាន់៩៥០ម៉ែត្រក្រឡា គុណជម្រៅ៩ម៉ែត្រ  ព្រមទាំងបានធ្វើការឃាត់គ្រឿងចក្រកាយដី ( អេស្កាវ៉ាទ័រ) ចំនួន៤គ្រឿង និង រថយន្តដឹកដីចំនួន០៩គ្រឿងផងដែរ ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner