ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធកៅស៊ូវៀតណាម ជួបពិភ្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម ដើម្បីពង្រឹងពង្រីកវិស័យកៅស៊ូនៅកម្ពុជា
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបឯកឧត្ដម ជិន ង៉ុកធួក ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធកៅស៊ូវៀតណាម VRG និងសហការី ដែលជាតំណាងក្រុមហ៊ុនវិនិយោគដំណាំកៅស៊ូនៅកម្ពុជា។
ឯកឧត្ដម ជិន ង៉ុកធួក បានរាយការណ៍ជូនឯកឧត្ដមរដ្ឋមន្ត្រីជ្រាបអំពីការងារដាំដុះ និងការប្រមូលផលជ័រដែលសម្ព័ន្ធកៅស៊ូសម្រេចជៀជ័របានជាង៥០% លើផ្ទៃដីដាំដុះសរុប។ ក្រៅពីការងារផលិតកម្ម លោកក៏មានផែនការផលិតកម្ម ការសាងសង់រោងចក្រកែច្នៃជ័រនៅជនបទ និងការកសាងហេដ្ឋា រចនាសម្ព័ន្ធសំខាន់ៗ ដែលសមិទ្ធផលទាំងអស់នោះវាបាននិងកំពុងបំពេញតួនាទីយ៉ាងសំខាន់ក្នុងការលើកស្ទួយកម្រិតជីវភាពរបស់បុគ្គលិក កម្មករ និងប្រជាពលរដ្ឋដែលរស់នៅជិតតំបន់វិនិយោគ និងជាពិសេសជួយលើកតម្កើងមុខមាត់ព្រះរាជាណាចក្រកម្ពុជា លើឆាកអន្តរជាតិតាមរយ:ការនាំចេញផលិតផលជ័រដែលផលិតនៅកម្ពុជា។
ឯកឧត្តមបានបន្តទៀតថា សមិទ្ធផលដែល សម្ព័ន្ធកៅស៊ូសម្រេចបាននេះ គឺបានមកពីការជួយគាំទ្រ លើកទឹកចិត្ត និងផ្តល់កិច្ចសហប្រតិបត្តិការបានយ៉ាងល្អប្រសើរពីសំណាក់មន្រ្តីជំនាញ អគ្គនាយកដ្ឋានកៅស៊ូកម្ពុជា និងឯកឧត្តមថ្នាក់ ដឹកនាំទទួលបន្ទុកកៅស៊ូ និងជាពិសេសឯកឧត្តមរដ្ឋមន្ត្រីផ្ទាល់នាពេលកន្លងមក។
ឯកឧត្តមរដ្ឋមន្ត្រីវេង សាខុន បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលសម្ព័ន្ធកៅស៊ូវៀតណាមសម្រេចបានពិសេសបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរជាមួយក្រសួង អគ្គនាកដ្ឋានកៅស៊ូ ក៏ដូចជាមួយអាជ្ញាធរដែនដីក្នុងរយ:ពេលកន្លងមក។ ក្រៅពីនេះ សម្ព័ន្ធកៅស៊ូបានអនុវត្តតាមផែនការមេ ក្នុងការដាំដុះ ការបំពេញបានតាមនីតិវិធីរដ្ឋបាលច្បាប់ និងបច្ចេកទេសដែលបានឯកភាពជាមួយក្រសួង និងបានចូលរួមយ៉ាងសកម្មក្នុងការកសាង ហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ ដែលបានបង្កលក្ខណ:យ៉ាងល្អប្រសើរសម្រាប់ជីវភាពរស់នៅរបស់បុគ្គលិក កម្មកររបស់ក្រុមហ៊ុន។
ឯកឧត្តម បានកោតសរសើរចំពោះឆន្ទ:បន្តធ្វើការវិនិយោគរបស់សម្ព័ន្ធកៅស៊ូ បើទោះបីស្ថិតក្នុងស្ថានភាពទីផ្សារជ័រមិនអំណោយផលផ្នែកតម្លៃក៏ពិតមែន តែសម្ព័ន្ធនៅតែបន្តអនុវត្តគម្រោងវិនិយោគរហូតប្រមូលផលបានជាង៥០% ដែលសកម្មភាពគឺពិតជាឆ្លើយតបបានត្រឹមត្រូវតាមអនុសាសន៍ខ្ពង់ខ្ពស់របស់សម្រេចតេជោ ហ៊ុន សែន ក្នុងការដាំដុះ គ្រប់គ្រង និងជារួមបន្តអភិវឌ្ឍន៍ដំណាំកៅស៊ូកម្ពុជាប្រកបដោយចីរភាព និងនិរន្តរភាព។ មិនត្រឹមតែប៉ុណ្ណោះ សម្ព័ន្ធកៅស៊ូបានយកចិត្តទុកដាក់ទទួលខុសត្រូវលើកាតព្វកិច្ចបង់ពន្ធជូនរដ្ឋបានទាន់ពេលវេលាទៀតផង ៕ធ.ដ