អភិបាលខេត្តក្រចេះ អំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធ កុំធ្វើជាបង្អែក ឬអន្តរាគមន៍ ក្នុងករណីបទល្មើសគ្រឿងញៀន ត្រូវបន្តវិធានការបង្ការទប់ស្កាត់ ឲ្យមានប្រសិទ្ឋិភាព
ក្រចេះ៖ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះបានអំពាវនាវឲ្យ អ្នកពាក់ព័ន្ធទាំងអស់ ចូលរួមគាំទ្ររាល់សកម្មភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន សូមបន្តវិធានការបង្ក្រាបទប់ស្កាត់បទល្មើសគ្រឿងញៀនឱ្យកាន់តែមានប្រសិទ្ធភាព និងព្រមានដល់មន្រ្តីសមត្ថកិច្ចគ្រប់ប្រភេទ កុំពាក់ព័ន្ធ ឬធ្វើជាបង្អែក និងអន្តរាគមន៍ ក្នុងករណីបទល្មើសគ្រឿងញៀនដាច់ខាត ។
ការអំពាវនាវនេះធ្វើឡើងក្នុងពិធីប្រារព្ធទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោមប្រធានបទ (សុខភាពដើម្បីយុត្តិធម៌ យុត្តិធម៌ដើម្បីសុខភាព) ដែលធ្វើឡើងនៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ ក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែនស្នួល ស្រុកស្នួល ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្ដមសេនីយ៍ទោលន់ សុផាត ស្នងការនគរបាលខេត្ត ព្រះរាជអជ្ញារងសាលាបំបូងខេត្ត ។
ឯកឧត្តម វ៉ា ថន បានបញ្ជាក់ថា បញ្ហាគ្រឿងញៀនគឺជាបញ្ហាសង្គមមួយស្មុគស្មាញ សម្រាប់មនុស្ស និងសង្គមជាតិទាំងមូល ហើយស្ថានភាពនៃការផលិត ការចរាចរ និងការប្រើបំពានគ្រឿងញៀន គឺវិវត្តន៍ទៅតាមចរន្តនៃភាពរីកចម្រើន បច្ចេកវិទ្យា វិទ្យាសាស្រ្តសង្គម និងសេដ្ឋកិច្ច ដែលនិន្នាការនេះ គឺជាបញ្ហាប្រឈមដ៏លំបាកមួយសម្រាប់អនុវត្តច្បាប់ចំពោះបណ្តាប្រទេសនានា។
បញ្ហាគ្រឿងញៀននៅតែជាចំណុចប្រឈមដ៍គ្រោះថ្នាក់ ពុំទាន់មានការថយចុះនៅឡើយទេដូចជាការដាំការផលិត ការដឹកជញ្ជូន ការជួញដូរសារធាតុគីមីដែលខុសច្បាប់ ពីកន្លែងមួយទៅកន្លែងមួយទៀត នៅតែបន្តសកម្មភាពតាមគ្រប់មធ្យោបាយដើម្បីជួញដូរគ្រឿងញៀន នៅតាមទីផ្សារងងឹត ដែលកំពុងមានការកើនឡើង ទាំងការជួញដូរ និង ការប្រើប្រាស់ ។
ឯកឧត្តម មានប្រសាសន៍បន្រថា ការរៀបចំទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ គឺដើម្បីជាត្រីវិស័យ ក្នុងការឆ្លើយតបអោយបានសមស្រប ទៅតាមស្ថានភាព ជាក់ស្តែងនៃបញ្ហា ក៍ដូចជាដើម្បីបញ្ញាក់ស្មារតី និងដាក់តឿនក្រើនរំឮក ដល់ជនគ្រប់រូបអោយយកចិត្តទុកដាក់និង ចូលរួមកាន់តែសកម្មថែមទៀតក្នុងការបង្ការទប់ស្កាត់ និងដោះស្រាយបញ្ហា ដែលមានការពាក់ព័ន្ធ និងគ្រឿងញៀន ជាក់ស្តែងការប្រារព្ធទិវាអន្តរជាតិដ៏មានអត្ថន័យនេះ និងការដាក់ចេញនូវយុទ្ធនាការប្រុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់បន្តបន្ទាប់ គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីឆន្ទៈដ៏មោះមុត និងប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការខិតខំប្រឹងប្រែងយ៉ាងប្តូរផ្តាច់ ដើម្បីបង្ការ ទប់ស្កាត់ បង្រ្កាប និងដោះស្រាយអោយបានរាល់បទល្មើស និងបញ្ហាដែលពាក់ព័ន្ធនឹងគ្រឿងញៀន ។
យោងតាមរបាយការណ៍ លោក ឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្ត បានអោយដឹងថា នៅដើមឆ្នាំ២០១៩នេះ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន៤៨ករណី ឃាត់ខ្លួនជនសង្ស័យចំនួន១០៤នាក់ ក្នុងមានស្រី១៦នាក់ រឹបអូសគ្រឿងញៀនបានចំនួន៣៥៩កញ្ចាប់ ស្មើនិង៨១៨.៣៨ក្រាម ក្នុងនោះអនុវត្តដីក្នុងករណីគ្រឿងញៀនចំនួន៥លើក ឃាត់ខ្លួនជនសង្ស័យ៤នាក់ ។ ជាមួយគ្នានោះ ខេត្តក្រចេះមានមជ្ឍមណ្ឌលអប់រំ១កន្លែង បច្ចុប្បន្ន មានអ្នកជាប់សារធាតុញៀនកំពុងស្នាក់នៅព្យាបាលចំនួន៣៦នាក់ ។ធ.ដ
ដោយ ម៉េង គាង